[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Forthing Xinghai S7 650 Supreme Edition ប្រភេទ SUV ៥កៅអី អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ខ្ទង់ ២០ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Forthing Xinghai S7 650 Supreme Edition មានប្រវែងតួខ្លួនសរុប ៤ ៩៣៥ ម.ម ទទឹង ១ ៩១៥ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧០,២៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៥,៩ វិនាទី។
សម្រាប់រថយន្តនេះ មានការឌីស្សាញបែប Aerodynamic ដែលមានកម្រិតចាញ់ខ្យល់ត្រឹមតែ 0.191Cd ប៉ុណ្ណោះ និងប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៊ីញ ជាមួយប្រព័ន្ធបូម adjustable suspension ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ក៏ដូចជាកញ្ជក់ multi-layer soundproof glass និងភ្លើងបំភ្លឺចំនួន ៦៤ពណ៌ ជាដើម។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ឧបករណ៍បំពងសម្លេង និងប្រព័ន្ធ ADAS ផ្សេងៗទៀតផងដែរ៕