Dongfeng ចេញលក់រថយន្តប្រើ Plug-in hybrid ជិះ ១០០គីឡូម៉ែត្រស៊ីសាំងអត់ដល់ ១លីត្រ តម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Dongfeng Aeolus L7 ប្រភេទ Plug-in hybrid មានការសន្សំសំចៃខ្ពស់នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ១៧ ៨០០ ដុល្លារ។

Dongfeng Aeolus L7 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣៥៥ សេះ និងកម្លាំងរមួល ៦១៥ ញ៉ូតុនម៉ែត្រ និងមានកម្រិតស៊ីប្រេងត្រឹមតែ ០,៥៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។ លើសពីនេះ ក៏បានផ្គួបជាមួយអាគុយទំហំ ៣០,៣២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រពីថាមពលអគ្គិសនី ព្រមទាំងការសាកថ្មល្បឿនលឿនអាចសាក ពី ៣០-៨០% ប្រើរយៈពេល ២៦ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Crossover នេះ មានប្រវែងតួខ្លួនសរុប ៤ ៦៧០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ដែលមានឌីស្សាញទៅលើប៉ាណាមុខបិទជិត ចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold  ឧបករណ៍បំពងសំលេងម៉ាក Wind-HiFi ១3ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ និងដំ​បូលកញ្ចក់ Panoramic sunroof ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម