[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Dongfeng Nammi Box ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ២២ ០០០ ដុល្លារ ដល់ ២៥ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី។
រថយន្តអគ្គិសនី Dongfeng Nammi Box ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣១,៥ និង ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ និង ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ប្រើពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥អ៊ីញ និងទ្វារដៃប្រភេទអគ្គិសនី។
ចំពោះការរចនាផ្នែកខាងក្នុុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធ ADAS ជាច្រើនមុខងារដូចជា Automatic Emergency Braking កាមេរ៉ា ៣៦០ដឺក្រេនិង Intelligent Cruise Control ជាដើម។