[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Dongfeng eπ 008 ប្រភេទ SUV ៥កៅអី ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង PHEV ជាមួយតម្លៃលក់ចាប់ពី ២៨ ១០០ ដុល្លារ ដល់ ៣៥ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។ លើសពីនេះ រថយន្តទទួលបានជម្រើសចំនួន៣ រួមមាន៖
- 636 Max EV
- 210 Ultra EREV
- 636 Ultra EV
Dongfeng eπ 008 មានប្រវែងតួខ្លួនសរុប ៥ ០០២ ម.ម ទទឹង ១ ៩៧២ ម.ម កម្ពស់ ១ ៧៣២ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០២៥ ម.ម ដំណើរការដោយ៖
- (EREV) ម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៤៥ សេះ និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ និងអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៤,៣២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយសរុប ១ ៣០០ គីឡូម៉ែត្រ។
- (EV) ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
សម្រាប់រថយន្តនេះ មានការឌីស្សាញបែប Aerodynamic ដែលមានកម្រិតចាញ់ខ្យល់ត្រឹមតែ 0.268Cd ប៉ុណ្ណោះ និងប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមថាសកង់ស្ព័រទំហំ ២១អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ក៏ដូចជាអេក្រង់ ឫកញ្ជក់បង្ហាញព័ត៌មានសម្រាប់ផ្នែកខាងក្រោយទំហំ ៩,២ អ៊ីញ ជាដើម។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ និងឧបករណ៍បំពងសម្លេងចំនួន ២០ចំនុច៕