
ក្រុមហ៊ុន Dongfeng Nissan បានណែនាំរថយន្តម៉ូឌែលថ្មី N6 ប្រើប្រាស់ប្រព័ន្ធ Plug plug in hybrid (PHEV) នៅក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើរថយន្តអគ្គិសនីម៉ូឌែល N7 របស់ពួកគេ។
យោងតាមរយៈឯកសារប្រកាសរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន រថយន្ត Nissan N6 នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ (ដូចទៅនឹងម៉ូឌែល NR15) មានសមត្ថភាពអាចកម្លាំងអតិបរមាបាន ៧៥ គីឡូវ៉ាត់ (១០១ សេះ) រួមជាមួយនឹងម៉ូទ័រអគ្គិសនីអាចផលិតមានកម្លាំងបាន ១៥៥ គីឡូវ៉ាត់ (២០៨ សេះ)។ រថយន្ដនេះនឹងប្រើប្រាស់អាគុយ lithium iron phosphate (LFP) ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Rept Battero Energy Co., Ltd.។
ចំពោះការរចនា រថយន្ត Nissan N6 មានលក្ខណៈស្រដៀងទៅនឹង Nissan N7 ដោយផ្នែកខាងមុខប្រើប្រាស់ប៉ាណាខាងមុខបិទជិត និងភ្លើងបំភ្លឺពេលថ្ងៃរចនាអូសកាត់ពេញទទឹងផ្នែកខាងមុខ ភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា Nissan ដែលរំពឹងថានឹងមានពន្លឺដូចម៉ូឌែលប្រើអគ្គិសនី។ នៅពីក្រោមភ្លើងបំភ្លឺពេលថ្ងៃ បានបំពាក់មកជាមួយកញ្ចុំអំពូលភ្លើងរាង boomerang ផ្តល់នូវរូបរាងពិសេស។ នៅផ្នែកចំហៀងវាបានបំពាក់ជាមួយដៃទ្វាររាបស្មើ ខណៈផ្នែកខាងក្រោយរចនាមកជាស្ដុបអូសកាត់ជាមួយភ្ជាប់មកជាមួយអក្សរ “NISSAN” នៅចំកណ្តាល។
ចំពោះទំហំរូបរាងរបស់រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៣១ មីលីម៉ែត្រ ទទឹង ១ ៨៨៥ មីលីម៉ែត្រ កម្ពស់ ១៤៩១ មីលីម៉ែត្រ និងប្រវែថគម្លាតកង់មុខក្រោយ ២ ៨១៥ មីលីម៉ែត្រ។
រំលឹកក្រោយថយបន្ថិចកាលពីថ្ងៃទី ១៥ ខែឧសភា រថយន្តអគ្គិសនីដំបូងរបស់ Dongfeng Nissan ម៉ូឌែល N7 បានលក់ដាច់ជាង ១០ ០០០ គ្រឿង ក្នុងរយៈពេល ១៨ ថ្ងៃ បន្ទាប់ពីការដាក់លក់ជាផ្លូវការ។ នៅក្នុងខែមិថុនា ក្រុមហ៊ុន Dongfeng Motor បានប្រកាសពីការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន NCIC (ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nissan) ដើម្បីចូលរួមក្នុងអាជីវកម្មនាំចេញរថយន្ត៕