
[ទីផ្សារបរទេស] បន្ទាប់ពីបានប្រកាសបង្ហាញចេញ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការប្រកាសបើកទទួលកក់នូវរថយន្ត Dongfeng Aeolus L8 ប្រភេទ PHEV ថ្មីរបស់ខ្លួនហើយ ដោយមានតម្លៃលក់ចាប់ពី ១៨ ១០០ ដុល្លារ ដល់ ២០ ៩០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់ការឌីស្សាញរបស់រថយន្ត Dongfeng Aeolus L8 នេះ គឺមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីផ្នែកម្ខាងទៅផ្នែកម្ខាង ទ្វារដៃប្រភេទ semi-hidden door handles និងថាសកង់ស្ព័រជាដើម។
រថយន្តប្រភេទ Mid-size SUV នេះ មានប្រវែងតួខ្លួនសរុប ៤ ៧៦២ ម.ម ទទឹង ១ ៩១០ កម្ពស់ ១ ៦៧៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៥៥ សេះ ផ្គួបជាមួយអាគុយទំហំ ៣០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៥ និង ១៨៥ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ គាំទ្រសាកថ្មល្បឿនលឿន ដោយសាកឡើងពី ២០ ទៅ ៨០% ប្រើរយៈពេល ១៨នាទី ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុបខ្ទង់ ២ពាន់គីឡូម៉ែត្រ ដោយសុីប្រេងត្រឹមតែ ២,៤លីត្រ ប៉ុណ្ណោះ នៅក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធ AI របស់ DeepSeek និង ByteDance ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កញ្ចក់មើលខាងក្រោយឌីជីថល ពោងសុវត្ថិភាពចំនួន ៦ចំនុច អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ នៅផ្នែកខាងក្រោយ ឧបករណ៍បំពងសំលេងចំនួន ១៩ចំនុច និងប្រព័ន្ធ ADAS កម្រិត ២ ៕