[ទីផ្សារបរទេស] ក្រុមហ៊ុនប្រទេសបារាំង DS បុត្តសម្ព័ន្ធរបស់ Stellantis បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត DS 7 Crossback មុខមាត់ថ្មី រចនាប័ទ្មទំនើប បច្ចេកវិទ្យាកាន់តែច្រើន និងថាមពលខ្លាំងជាងមុន។
កំនត់សម្គាល់នៃរថយន្ត DS 7 Crossback គឺមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងជំនាន់មុនគឺភ្លើងបំភ្លឺពេលថ្ងៃ LED ថ្មីហៅថា “DS Light Veil” នៅលើកាងខាងមុខស្រដៀងទៅនឹង DS 4 ។
ផ្នែកខាងមុខបំពាក់ជាមួយចង្កៀងប្រភេទ matrix LED ថ្មីដែលមានបច្ចេកវិទ្យា DS Pixel LED Vision 3.0 ប៉ាណាមុខបានរចនាធំជាងមុនរាងជ្រុង និងលំនាំសំណាញ់ថ្មី ថាសកង់ស្ព័រថ្មីទំហំពី ១៨ ទៅ ២១ អ៊ីញ។ ខណៈ ចង្កៀងក្រោយត្រូវបានរចនាឡើងវិញជាមួយនឹងភ្លើង LED ដែលវែងជាងមុនរាងអក្សរ X និងអក្សរ DS Automobiles ថ្មី កាងខាងក្រោយរចនាជាមួយនឹងបំពង់ស៊ីមាំងដែលតុបតែងដោយក្រូម៉េផងដែរ។
នៅខាងក្នុង ម៉ូដែលនេះតុបតែងជាមួយគ្រឿងបរិក្ខាដែលមានគុណភាពខ្ពស់ភ្ជាប់ជាមួយនឹងស្បែក Nappa ស្បែក Claudia ឬគ្រឿងតុបតែង Alcantara ដោយមានកុងទ័រព័ត៌មានឌីជីថលទំហំ ១២ អ៊ីញថ្មី និងអេក្រង់កម្សាន្ត DS Iris ថ្មីប្រភេទ touchscreen ទំហំ ១២អ៊ីញ ភ្ជាប់មុខងារ Apple Carplay និង Android auto។ បន្ថែមពីនេះ DS 7 ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធ DS Active Scan Suspension ដោយមានកាមេរ៉ាស្កែនផ្លូវខាងមុខសម្រាប់ការបើកបរកាន់តែល្អប្រសើរ។
មិនតែប៉ុណ្ណោះ រថយន្តនេះ ទទួលបានប្រព័ន្ធបើកបរស្វ័យប្រវត្តិ DS Drive Assist កម្រិត 2 ។ កញ្ចប់រួមបញ្ចូលប្រព័ន្ធ DS Driver Attention Monitoring system ដោយប្រើកាមេរ៉ាពីរដើម្បីតាមដានចលនាមុខ និងភ្នែករបស់អ្នកបើកបរ ហើយនឹងប្រព័ន្ធ DS Night Vision system ផងដែរ។
ចំពោះផ្នែកម៉ាស៊ីនរបស់ DS 7 ដែលត្រូវបានអាប់ដេតមាន សាំង ប្រេងម៉ាស៊ូត និងម៉ាស៊ីន Plug-in Hybrid អាស្រ័យលើទីផ្សារ ជម្រើសម៉ាស៊ីនម៉ាស៊ូតមានកម្លាំង ១៣០ សេះ ឬម៉ាស៊ីនសាំងមានកម្លាំង ១៣០ សេះ ខណៈម៉ាស៊ីនប្រផេទ PHEV មានបីម៉ូឌែល ដែលទាំងបីមានកញ្ចប់អាគុយទំហំ ១៤,២ គីឡូវ៉ាត់ម៉ោងថ្មី ដែលមានកម្លាំងដល់ ៣៥៥ សេះ។
រថយន្ត DS 7 Crossback នឹងបើកបរការទទួលកក់ចាប់ពីថ្ងៃទី ១១ ខែកក្កដាក្នុងប្រទេសបារាំង នឹងត្រូវបានផលិតនៅទីក្រុង Mulhouse ប្រទេសបារាំង និងនៅ Shenzen ប្រទេសចិន សម្រាប់ទីផ្សារក្នុងស្រុក៕