
ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានអះអាងកាលពីចុងឆ្នាំ២០២៥កន្លងទៅថា រថយន្ត Tesla Model Y បានក្លាយជារថយន្តលក់ដាច់ជាងគេបំផុតក្នុងពិភពលោក រយៈពេល ៣ឆ្នាំជាប់ៗគ្នាហើយ។ ប៉ុន្តែលោកមិនបានប្រកាសពីចំនួនលក់រថយន្តនេះ សម្រាប់ឆ្នាំ២០២៥នៅឡើយទេ។
ការសម្រេចបានបែបនេះ គឺវាបានបញ្ជាក់ពីភាពខ្លាំងរបស់ Tesla សម្រាប់ការបំពេញតម្រូវការរថយន្តអគ្គិសនី ទាំងតម្លៃ កម្លាំង និងបច្ចេកវិទ្យា និងជាពិសេស បាននឹងកំពុងកាច់បំបាក់រថយន្តចំហេះក្នុង ដោយឆ្ពោះទៅរកការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន នៅទីផ្សារធំៗដូចជា ចិន អឺរ៉ុប និងអាមេរិកខាងជើង។

រថយន្ត Model Y បានគ្រងតំណែងជារថយន្តលក់ដាច់ជាងគេបំផុត ចាប់តាំងពីឆ្នាំ២០២៣មក ដែលពេលនោះ លក់បានចំនួន ១,២២លានគ្រឿង។ សម្រាប់ឆ្នាំ២០២៤ រថយន្ត Tesla Model Y លក់បាន ១,០៩លានគ្រឿង។
នៅឆ្នាំ២០២៦នេះ រថយន្ត Tesla Model Y រំពឹងថា នឹងកើនឡើងចំនួនលក់បន្ថែមទៀត ខណៈដែល Tesla ទើបតែបាននាំរថយន្តនេះ ចូលទីផ្សារឥណ្ឌា ដែលជាទីផ្សាររថយន្តធំបំផុតទី៣ក្នុងពិភពលោក។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Tesla នឹងបញ្ចេញ Model Y option Long Range RWD នៅក្នុងទីផ្សារចិនដោយអាចបើកបរបានចម្ងាយដល់ទៅ ៨០០គីឡូម៉ែត្រឯណ្ណោះ។
កាលពីខែតុលាកន្លងទៅ Tesla បានបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាផ្លូវការហើយ ចំនួន២ម៉ូឌែលដែលជា option Standard គឺ Model 3 មានតម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ និង Model Y មានតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ។ ការបញ្ចេញរថយន្តតម្លៃធូរថ្លៃបែបនេះ ដើម្បីអាចប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីរបស់ចិន៕


























