Elon Musk ថា Tesla កំពុងឆ្លងកាត់បញ្ហាប្រឈមជាច្រើន ជាមួយរដ្ឋាភិបាលឥណ្ឌា

ក្រុមហ៊ុន Tesla Inc នៅតែកំពុងធ្វើការ និងឆ្លងកាត់បញ្ហាប្រឈមជាច្រើនជាមួយរដ្ឋាភិបាល នៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មករា ដោយឆ្លើយតបទៅនឹងសំណួរថា តើនៅពេលណាដែលខ្លួននឹងដាក់លក់រថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា។

គួរឲ្យដឹងថា Tesla មានគម្រោងចាប់ផ្តើមលក់រថយន្តនាំចូលនៅក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំមុន ហើយបាននិងកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌាឲ្យកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនី មុនពេលវាចូលទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីខែតុលា Tesla បានយកការទាមទាររបស់ខ្លួនទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ ទោះបីជាយ៉ាងណា លោក Musk មិនបានកំណត់អត្តសញ្ញាណ “បញ្ហាប្រឈម” ដែលកំពុងដំណើរការនៅក្នុងការបង្ហោះ Twitter របស់លោកនោះទេ។

ទីផ្សារឥណ្ឌាសម្រាប់រថយន្តអគ្គិសនីលំដាប់ថ្នាក់ខ្ពស់ នៅតែស្ថិតក្នុងដំណាក់កាលថ្មីនៅឡើយ ហើយហេដ្ឋារចនាសម្ព័ន្ធនៃកន្លែងសាកភ្លើង គឺមានការខ្វះខាត។

សូមបញ្ជាក់ថា រថយន្តចំនួន ៥ ០០០ គ្រឿងក្នុងចំណោមរថយន្ត ២,៤លានគ្រឿងដែលបានលក់នៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន គឺជារថយន្តអគ្គិសនី ដែលក្នុងនោះមួយក្តាប់តូចជាម៉ូដែលប្រណីត។

ការទាមទាររបស់ក្រុមហ៊ុន Tesla សម្រាប់ការកាត់បន្ថយពន្ធ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reuters នៅក្នុងខែកក្កដា បានជំរុញឲ្យមានការជំទាស់ពីក្រុមហ៊ុនរថយន្តក្នុងស្រុកជាច្រើន ដែលនិយាយថា ការផ្លាស់ប្តូរបែបនេះនឹងរារាំងការវិនិយោគនៅក្នុងការផលិតក្នុងស្រុក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម