[ទីផ្សារបរទេស] ក្នុងអំឡុងពិធីនៃការបើកដំណើរការរោងចក្រផលិតរថយន្ត Tesla ថ្មីនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយថាក្រុមហ៊ុនអាចលក់រថយន្តបាន ២០លានគ្រឿងក្នុងមួយឆ្នាំ នៅពេល១០ឆ្នាំខាងមុខ។
នេះមិនមែនជាលើកដំបូងនោះទេដែលលោក Elon Musk និយាយពីតួលេខ២០លានគ្រឿង ដោយកាលពីខែកញ្ញា ឆ្នាំ២០២០ លោកក៏ធ្លាប់បាននិយាយថា Tesla ទំនងជាអាចផលិតរថយន្តបាន ២០លានគ្រឿងក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ ដែលនេះជាតួលេខមួយដែលមនុស្សជាច្រើនយល់ឃើញថាមិនអាចទៅរួច។
គួរដឹងថា Tesla បានលក់រថយន្តចេញបានចំនួនជិត១លានគ្រឿងកាលពីឆ្នាំ២០២១ ហើយប្រសិនបើអាចលក់បាន២០លានគ្រឿងមែន មានន័យថាគឺស្មើនឹងចំនួនលក់បច្ចុប្បន្នរបស់ក្រុមហ៊ុន General Motors និងក្រុមហ៊ុន VW Group បូកបញ្ចូលគ្នា ដែលចំនួននេះពិតជាមិនធម្មតាឡើយ។
រោងចក្រ Tesla ថ្មីនៅអាល្លឺម៉ង់ នឹងមានសមត្ថភាពផលិត ៥០ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៥ខាងមុខ ចំណែករោងចក្រនៅ Fremont អាចពង្រីកការផលិតដល់ ៦០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ហើយរោងចក្រនៅ Austin ផលិតបាន ៤០ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០២៤ ខណៈដែលរោងចក្រនៅប្រទេសចិនមានទំហំផលិត ៨៦៤ ០០០គ្រឿងក្នុងមួយឆ្នាំ៕