[ទីផ្សារបរទេស] ការហក់ឡើងនៃទីផ្សារភាគហ៊ុនកាលពីឆ្នាំ២០២១ បានធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុនធំៗកើនឡើងប្រាក់ចំណូលយ៉ាងសន្ធឹក ដោយក្នុងនោះលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ក្លាយជាបុគ្គលដែលរកចំណូលបានច្រើនជាងគេ។
តាមការសិក្សាដែលធ្វើឡើងដោយ Automotive News បានឲ្យដឹងថាលោក Elon Musk ទទួលបានប្រាក់ចំណូល ២៣,៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ ដែលធ្វើឲ្យលោកក្លាយជានាយកប្រតិបត្តិរកចំណូលបានច្រើនជាងគេក្នុងឧស្សាហកម្មយានយន្តនៅអាមេរិក។
សរុបប្រាក់ចំណូលរបស់នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តកាលពីឆ្នាំ២០២១ គឺមានការកើនឡើងរហូតដល់ ៧៨% ដោយប្រាក់មេដ្យានរបស់នាយកប្រតិបត្តិទាំងអស់គឺមាន ១២,៣លានដុល្លារ កើនឡើងពី ៦,៩លានដុល្លារ កាលពីឆ្នាំ២០២០។
គួរកត់សម្គាល់ថា នាយកប្រតិបត្តិស្រី Mary Barra នៃក្រុមហ៊ុន General Motors អាចរកចំណូលបាន ៦២លានដុល្លារ ខណៈដែលនាយកប្រតិបត្តិរបស់ Lucid លោក Peter Rawlinson អាចរកចំណូលបាន ៦៧លានដុល្លារ៕