រយៈពេលជាច្រើនខែបន្ទាប់ពីខកខានមិនបានផលិតអាគុយមួយលានម៉ាយល៍ ឥឡូវនេះលោក Elon Musk បានអះអាងថា ក្រុមហ៊ុន Tesla កំពុងអភិវឌ្ឍអាគុយថ្មី ដែលផ្តល់ចម្ងាយបើកបរ ៦២១ ម៉ាយល៍ ឬស្មើនឹង ១ ០០០គីឡូម៉ែត្រ។
Musk បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទ European Battery Conference ដោយនិយាយថា “រថយន្តដែលមានចម្ងាយបើកបរឆ្ងាយបំផុតរបស់ Tesla គឺជាង ៣២៧ ម៉ាយល៍ (ឬស្មើនឹង ៥២៦គីឡូម៉ែត្រ) ហើយមានអ្វីជាច្រើនទៀតដែលយើងអាចធ្វើបាន”។
“យើងថែមទាំងមានការអភិវឌ្ឍន៍ខ្លះ ដែលអាចធ្វើបានដល់ ៦០០ ម៉ាយល៍ទៀតផង”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Elon។
ក្រៅពីព័ត៌មានអំពីអាគុយថ្មីដែលមានថាមពលខ្លាំងជាងមុន មហាសេដ្ឋីរូបនេះបានបង្ហើបឲ្យដឹងអំពី រថយន្តម៉ាក Tesla ប្រភេទតួខ្លួន Hatchback (គូទហើម) ដែលមានរូបរាងតូចជាងមុន ជាពិសេសសម្រាប់ទីផ្សារអឺរ៉ុប។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍នោះថា “នៅសហរដ្ឋអាមេរិក រថយន្តហាក់ដូចជាមានទំនោរធំជាងមុន… ខ្ញុំបានបើករថយន្ត Model X នៅជុំវិញទីក្រុងប៊ែរឡាំង ហើយយើងមានបញ្ហាជាច្រើនក្នុងការស្វែងរកកន្លែងចតឡានដែលអាចដាក់វាបាន”៕