ថ្ងៃទី២១ ខែវិច្ឆិកា នឹងក្លាយជាខួប ៣ឆ្នាំ នៃការបង្ហាញខ្លួនរបស់ភីកអាប់អគ្គិសនី Tesla Cybertruck ខណៈវានៅតែជាអាថ៌កំបាំងមនៅឡើយ ហើយមិនទាន់មានថ្ងៃប្រគល់ឲ្យអតិថិជនជាក់លាក់ឡើយ។
Tesla ធ្លាប់បានសន្យាថា វានឹងមកដល់នៅក្នុងឆ្នាំ២០២១ ហើយក្រោយមកក៏ត្រូវពន្យាពេលមួយដងជាពីរដង រហូតមកដល់បច្ចុប្បន្ននេះ ស្របពេលដែលភីកអាប់អគ្គិសនីដទៃទៀតដែលជាគូប្រជែង ដូចជា GMC Hummer EV, Rivian R1T និង Ford F-150 Lightning បានឈានចូលដល់សង្វាក់ផលិតកម្មទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla គឺលោក Elon Musk បានឆ្លើយតបសំនួរនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលចោទសួរថា “តើពេលណាទើប Cybertruck នឹងចេញលក់ជាផ្លូវការ?”
ឆ្លើយតបទៅកាន់សំនួរខាងលើ លោក Elon Musk បាននិយាយថា “យើងកំពុងតែសង្ឃឹមថាចាប់ផ្តើមការប្រគល់រថយន្តឲ្យអតិថិជន នៅពាក់កណ្តាលឆ្នាំ២០២៣”។
បើទោះបីជា Tesla អាចសម្រេចគោលដៅ ប្រគល់ និងចេញលក់រថយន្ត Cybertruck នៅពាក់កណ្តាលឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែពេលនោះវានឹងចេញក្រោយរថយន្ត Chevrolet Silverado EV ក៏ដូចជាគូប្រជែងរបស់វាទាំងប៉ុន្មានដែលបានរៀបរាប់មកពីខាងលើ៕