Elon Musk អួតរថយន្ត១ម៉ូឌែលរបស់ Tesla ថា លក់ដាច់ជាងគេបំផុត​៣ឆ្នាំជាប់គ្នា

ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានអះអាងកាលពីចុងឆ្នាំ២០២៥កន្លងទៅថា រថយន្ត Tesla Model Y បានក្លាយជារថយន្ត​លក់ដាច់ជាងគេ​បំផុតក្នុងពិភពលោក រយៈពេល ៣ឆ្នាំជាប់ៗគ្នាហើយ។ ប៉ុន្តែលោកមិនបានប្រកាសពីចំនួនលក់រថយន្តនេះ សម្រាប់ឆ្នាំ២០២៥នៅឡើយទេ។

ការសម្រេចបានបែបនេះ គឺវាបានបញ្ជាក់ពី​ភាពខ្លាំងរបស់ Tesla សម្រាប់ការបំពេញតម្រូវការរថយន្តអគ្គិសនី​ ទាំងតម្លៃ កម្លាំង និងបច្ចេកវិទ្យា និងជាពិសេស បាន​នឹងកំពុងកាច់បំបាក់រថយន្តចំហេះក្នុង ដោយឆ្ពោះទៅរកការប្រើប្រាស់​រថយន្តអគ្គិសនីកាន់តែច្រើន នៅទីផ្សារធំៗដូចជា ចិន អឺរ៉ុប និងអាមេរិកខាងជើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Model Y បានគ្រងតំណែងជារថយន្តលក់ដាច់ជាងគេបំផុត ចាប់តាំងពីឆ្នាំ២០២៣មក ដែលពេលនោះ លក់បានចំនួន ១,២២លានគ្រឿង។ សម្រាប់ឆ្នាំ២០២៤ រថយន្ត Tesla Model Y លក់បាន ១,០៩លានគ្រឿង។

នៅឆ្នាំ២០២៦នេះ រថយន្ត Tesla Model Y រំពឹងថា នឹងកើនឡើងចំនួនលក់បន្ថែមទៀត ខណៈដែល Tesla ទើបតែបាននាំរថយន្តនេះ ចូលទីផ្សារឥណ្ឌា ដែលជាទីផ្សាររថយន្តធំបំផុតទី៣ក្នុងពិភពលោក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Tesla នឹងបញ្ចេញ Model Y option Long Range RWD នៅក្នុងទីផ្សារចិនដោយអាចបើកបរបានចម្ងាយដល់ទៅ ៨០០គីឡូម៉ែត្រឯណ្ណោះ។

កាលពីខែតុលាកន្លងទៅ Tesla បានបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាផ្លូវការហើយ ចំនួន២ម៉ូឌែលដែលជា option Standard គឺ Model 3 មានតម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ និង Model Y មានតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ។ ការបញ្ចេញរថយន្តតម្លៃធូរថ្លៃបែបនេះ ដើម្បីអាចប្រកួតប្រជែងជាមួយ​រថយន្តអគ្គិសនី​របស់ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម