EQS SUV ក្លាយជាឡានអគ្គិសនីដំបូងគេរបស់ Mercedes ផលិតនៅអាមេរិក

[ទីផ្សារបរទេស] Mercedes-Benz EQS SUV ដែល​ជា​រថយន្ត​ SUV អគ្គិសនីទំហំធំជាងគេ និងប្រណីតជាងគេ​របស់ Mercedes នាពេលបច្ចុប្បន្ននេះ បានចូលរោងចក្រផលិតនៅសហរដ្ឋអាមេរិក​ជា​ផ្លូវការ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់ Mercedes ដែលផលិតនៅអាមេរិក។

រថយន្ត EQS បានចូលផលិត​នៅ​ឯ​រោងចក្រ Tuscaloosa ក្នុងរដ្ឋ Alabama ដែល​រថយន្តផលិតបាន​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារបរទេសផងដែរ។ ការផលិតរថយន្តនេះគឺជាការចាប់ផ្ដើមរបស់ Mercedes ក្នុងការដំឡើងរថយន្តអគ្គិសនី​ចំនួន​៨​ម៉ូដែល​ផ្សេង​គ្នា​ នៅ​ទីតាំងចំនួនប្រាំពីរ ក្នុងទ្វីបចំនួនបីនៅក្នុងឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ​បាន​ធ្វើការដំឡើងរថយន្ត SUV ខ្នាតធំនៅរដ្ឋ Alabama ចាប់តាំងពីឆ្នាំ១៩៩៧ និង​បាន​បណ្ដាក់​ទុន​ជា​ទឹក​ប្រាក់​សរុបជាង ៧ពាន់​លាន​ដុល្លារក្នុងតំបន់។ បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកចំនួនប្រមាណ ៤៥០០នាក់ និង​មាន​ការ​ប៉ាន់​ស្មាន​ថា​ការងារចំនួន ១១ ០០០កន្លែង ត្រូវបានបង្កើត​តាម​រយៈ​ដៃ​គូ​ផ្គត់ផ្គង់ក្នុងតំបន់ និងអ្នកផ្ដល់សេវាកម្ម។

គួរដឹងថាសហរដ្ឋអាមេរិកនឹងជាទីផ្សារដំបូងគេដែលទទួលបានរថយន្ត EQS SUV ជាមួយ​ការលក់រំពឹងថាចាប់​ផ្ដើម​នៅ​ចុងរដូវក្ដៅ​នេះ។ តម្លៃលក់នៅមិនទាន់បញ្ចេញនៅឡើយទេ ប៉ុន្តែវាអាចនឹងថ្លៃជាងរថយន្ត EQS 450 និង EQS 580 ប្រមាណ​ប៉ុន្មាន​ពាន់​ដុល្លារ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម