Ferrari ចំណេញលុយច្រើនមិនធ្លាប់មាននៅត្រីមាសទីពីរនៃឆ្នាំ២០២២

[ទីផ្សារបរទេស] វិស័យ​យានយន្តលើពិភពលោកបានប្រឈមមុខនឹងបញ្ហា​ជាច្រើន ប៉ុន្តែ Ferrari ខុស​ពីក្រុមហ៊ុនដទៃទៀត ដោយ​​ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់លើ​ការលក់ ប្រាក់ចំណូល និងលើការដឹកជញ្ជូនជាដើមនៅ​អំឡុងត្រីមាស​ទីពីរ​នៃ​ឆ្នាំ​២០២២នេះ។

រយៈពេលបីខែចុងក្រោយគិតត្រឹមខែមិថុនានេះ Ferrari អាចលក់ចេញរថយន្តបានរហូតដល់ ៣ ៤៥៥គ្រឿង ដែល​ជា​ការ​កើន​ឡើង ២៩% ធៀប​នឹង​ត្រីមាសទីពីរនៃ​ឆ្នាំ​២០២១ ដែល​ចំនួនលក់នេះត្រូវ​បាន​ជម្រុញ​ដោយរថយន្តម៉ូដែល Portofino M និង F8។

ពាណិជ្ជកម្ម

ជាមួយកំណើននៃការលក់នេះ បានធ្វើឲ្យប្រាក់ចំណេញរបស់ Ferrari នៅក្នុងត្រីមាសទីពីរនេះក្លាយជាប្រាក់ចំណេញ​​ខ្ពស់​ថ្មី​មួយ ដោយ​អាចចំណេញប្រាក់បានប្រមាណ ២៥៥លាន​ដុល្លារ ពីប្រាក់​ចំណូល​ដែល​មាន​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ។

លទ្ធផលដ៏ល្អប្រសើរនេះ បានឲ្យ Ferrari ដំឡើងប្រាក់ចំណូល​ប៉ាន់ស្មានប្រចាំឆ្នាំ២០២២នេះ ឡើងពី ៤,៨៩​ពាន់លានដុល្លារ ដល់ ៤,៩៩​ពាន់​លាន​ដុល្លារ និងប្រាក់ចំណេញអាចមានចន្លោះពី ១,១៧ពាន់លានដុល្លារ ដល់ ១,២ពាន់​លាន​ដុល្លារ៕

 

Sponsored