Ferrari បានលទ្ធផលកាន់តែប្រសើរឡើងហើយ

ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះ Ferrari អាចលក់ចេញរថយន្តបានសរុប ២ ៦៨៥គ្រឿង ដែលមានការកើនឡើងទ្វេដងបើប្រៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ០,៥% បើធៀបនឹងតួលេខឆ្នាំ២០១៩។


តម្រូវការរថយន្តមានការកើនឡើង ធ្វើឲ្យក្រុមហ៊ុននេះអាចរកប្រាក់ចំណូលបានប្រមាណ ១,២៣ពាន់លានដុល្លារ ដែលលើសឆ្នាំ២០២០ពីរដង និងលើសឆ្នាំ២០១៩ ចំនួន ៥,២% ផងដែរ។ ក្នុងនោះប្រាក់ចំណេញមិនទាន់គិតពន្ធគឺមានចំនួនប្រមាណ ៤៥៩លានដុល្លារ កើនលើសឆ្នាំមុនបីដង និងលើសឆ្នាំ២០១៩ចំនួន ២៣%។

Ferrari និយាយថារថយន្តម៉ាស៊ីន៨ស៊ីឡាំង មានកំណើនលក់រហូតដល់ ១១១,២% ខណៈដែលរថយន្តម៉ាស៊ីន១២ស៊ីឡាំង មានកំណើនលក់ ៣៧,៦% ផងដែរ។ គេរំពឹងថា Ferrari នឹងកាន់តែរីកចម្រើនខ្លាំង ជាពិសេសក្រោយពេលដែលរថយន្ត SUV ដំបូងរបស់ក្រុមហ៊ុននេះប្រកាសចេញនៅឆ្នាំ២០២២៕

ពាណិជ្ជកម្ម
Sponsored