នាពេលថ្មីៗនេះក្រុមហ៊ុនរថយន្តស្ព័រអ៊ីតាលី Ferrari បានបញ្ចេញកំពូលរថយន្តស្ព័ររបស់ខ្លួន រហូតដល់ទៅ ២ ម៉ូដែល គឺ Monza SP1 និង Monza SP2។
រថយន្ត Ferrari នេះ ទទួលបានការរចនា ដែលរួមបញ្ចូលគ្នារវាងការរចនាកាលពីឆ្នាំ ១៩៥០ និង សម័យទំនើប។ SP1 និង SP2 ត្រូវបានបំផុសគំនិតឡើង ដោយរថយន្តប្រណាំង Ferrari 166 MM ស៊េរីឆ្នាំ ១៩៤៨។
Monza SP1 ត្រូវបានរចនា និងផលិតឡើងសម្រាប់ប្រើបានតែម្នាក់ប៉ុណ្ណោះ ពោលគឺអ្នកបើកបរផ្ទាល់តែម្តង។ នៅផ្នែកខាងមុខ វាបានបំពាក់កាងកាត់ខ្យល់ ប្រភេទ Carbon Fiber ជាមួយនឹងប៉ាណារីកទទឹងដ៏ធំ និង ប្រើភ្លើងឌឺមី LED ទៀតផង។ ម៉ូដែល Monza SP1 នេះគ្មានកញ្ចក់មុខ និងដំបូលឡើយ។
ដោយឡែក Monza SP2 បានបំពាក់កៅអីអង្គុយចំនួន ២ ពោលគឺសម្រាប់អ្នកបើកបរម្នាក់ និងអ្នកដំណើរម្នាក់។ មិនខុសពីម៉ូដែល Monza SP1 នោះទេ វាគ្មានកញ្ចក់មុខ និងដំបូលឡើយ ប៉ុន្តែបានបំពាក់របាំងមួយដែលហៅថា Virtual Wind Shield។
Ferrari Monza ប្រើម៉ាស៊ីនចំណុះ ៦,៥ លីត្រ ទំហំ ១២ ស៊ីឡាំង មានកម្លាំង ៧៩៩ សេះ ជាម៉ាស៊ីន Ferrari ខ្លាំងបំផុត។ វាអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩ វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមារហូតដល់ទៅ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង៕