[ទីផ្សារបរទេស] Ferrari បានទទួលស្គាល់ថាខ្លួនប្រហែលជាត្រូវបិទការកុម្ម៉ង់ទិញរថយន្ត Purosangue ទោះបីជារថយន្ត SUV នេះទើបតែបង្ហាញវត្តមានជាផ្លូវការក្ដី។
បន្ទាប់ពី Ferrari បញ្ជាក់ថារថយន្ត Purosangue នឹងមានបំពាក់ម៉ាស៊ីន១២ស៊ីឡាំង និងមុនការប្រកាសចេញជាផ្លូវការ នាយកផ្នែកពាណិជ្ជកម្ម និងទីផ្សាររបស់ Ferrari លោក Enrico Galliera បានបង្ហាញថាតម្រូវការសម្រាប់រថយន្ត SUV បានផ្ទុះឡើង។
ប្រធានផ្នែករូបនេះលើកឡើងថា ៖ “យើងប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ ហើយយើងប្រហែលជានឹងត្រូវបិទការកុម្ម៉ង់ឆាប់ៗនេះ”។
Ferrari មិនបានបង្ហាញថាទទួលបានការកុម្ម៉ង់ប៉ុន្មានគ្រឿងនោះទេសម្រាប់រថយន្ត Purosangue ប៉ុន្តែការផលិតនៃរថយន្តនេះនឹងកំណត់យកត្រឹម ២០% នៃទំហំផលិតសរុបរបស់ Ferrari ជាប្រចាំឆ្នាំ ដែលស្មើប្រមាណ ៣០០០គ្រឿង ក្នុងមួយឆ្នាំ។
ត្រង់ចំណុចនេះលោក Enrico បានបញ្ជាក់ថា ៖ “យើងមានការប្ដេជ្ញាចំពោះអតិថិជនយើង ទោះបីជាមានតម្រូវការខ្ពស់ យើងនឹងគ្រប់គ្រងលើទំហំផលិត ជារឿងមួយដែលយើងបានប្រកាន់ខ្ជាប់ ជាមួយបេសកកម្មរបស់ស្ថាបនិក គឺរក្សាភាពផ្ដាច់មុខនៃរថយន្តរបស់យើង។ ហើយវិធីតែមួយគត់ដើម្បីរក្សាភាពផ្ដាច់មុខនេះគឺគ្រប់គ្រងលើតម្រូវការ និងការផ្ដល់ជូន”។
ប្រធានផ្នែកដដែលនេះបានបន្ថែមថារថយន្ត Purosangue បានទាក់ទាញអតិថិជនថ្មីៗជាច្រើនមកកាន់ម៉ាក Ferrari ប៉ុន្តែលោកបញ្ជាក់ថាអតិថិជនចាស់ៗនឹងទទួលបានរថយន្ត SUV ថ្មីនេះមុនគេ៕