[ទីផ្សារបរទេស] រថយន្ត Bentley Flying Spur Hybrid បានក្លាយជារថយន្តដែលប៉ះពាល់បរិស្ថានទាបជាងគេ ហើយក៏ជារថយន្តដែលសន្សំសំចៃប្រេងឥន្ធនៈបានច្រើនជាងគេរបស់ Bentley ផងដែរ។ រថយន្តនេះជាប្រភេទ plug-in hybrid ដែលប្រើម៉ាស៊ីន៦ស៊ីឡាំង ជាជម្រើសថ្មីសម្រាប់អតិថិជនដែលស្រឡាញ់បរិស្ថាន។
បើផ្អែកតាមរង្វាស់ផ្លូវការរបស់ WLTP បានបង្ហាញថារថយន្ត Flying Spur Hybrid ជាមធ្យមបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីក ៧៥ក្រាម ក្នុងមួយគីឡូម៉ែត្រ ដែលជាកំណត់ត្រាទាប់ជាងគេសម្រាប់រថយន្ត Bentley។ បន្ថែមពីនេះ ការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធរបស់រថយន្តនេះគឺមានចម្ងាយ ៤១គីឡូម៉ែត្រ ដោយសារការបំពាក់អាគុយលីចូមចំណុះ ១៨kWh ដែលអាគុយនេះអាចសាកពេញក្នុងពេល ២,៥ម៉ោង។
Flying Spur Hybrid ក៏ផ្ដល់ជូនចម្ងាយបើកបរគិតបញ្ចូលគ្នាជាមួយការចាក់ប្រេងឥន្ធនៈមួយពេញ និងអាគុយដែលសាកភ្លើងពេញ គឺអាចបើកបរបានដល់ចម្ងាយ ៨០៥គីឡូម៉ែត្រ។ តួលេខនេះកើនឡើងលើសពីការប៉ាន់ស្មានដំបូងរបស់ Bentley ដែលរំពឹងថាអាចបើកបរបានចម្ងាយជាង ៧០០គីឡូម៉ែត្រ។
ប្រព័ន្ធ plug-in hybrid មានគួបផ្សំដោយម៉ាស៊ីន៦ស៊ីឡាំង ចំណុះ២,៩លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលអាចផ្ដល់កម្លាំងសរុបបាន ៥៣៦សេះ។ ត្បិតថាកម្លាំងនៅតិចជាងប្រភេទម៉ាស៊ីន twin-turbo ៨ស៊ីឡាំង ប៉ុន្តែវាឲ្យរថយន្តស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ៤,៣វិនាទី។
គួរដឹងថា Flying Spur ជារថយន្តម៉ូដែលទីពីរដែលទទួលបានម៉ាស៊ីន plug-in hybrid បន្ទាប់ពីរថយន្ត Bentayga ហើយ Bentley ក៏មានផែនការបន្ថែមជម្រើសនេះទៅលើរថយន្តគ្រប់ម៉ូដែលរបស់ខ្លួន ដែលចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៤។ ចាប់ពីឆ្នាំ២០២៥ និងប្រាំឆ្នាំបន្តទៅមុខទៀត Bentley ក៏នឹងប្រកាសចេញរថយន្តអគ្គិសនីសុទ្ធ៥ម៉ូដែលផងដែរ៕