Flying Spur Hybrid ជាប់ជាឡាន Bentley ដែលភាយឧស្ម័នពុលតិចជាងគេ

[ទីផ្សារបរទេស] រថយន្ត Bentley Flying Spur Hybrid បានក្លាយជារថយន្តដែលប៉ះពាល់បរិស្ថានទាបជាងគេ ហើយក៏ជារថយន្តដែល​សន្សំសំចៃប្រេងឥន្ធនៈបានច្រើនជាងគេរបស់ Bentley ផងដែរ។ រថយន្តនេះជាប្រភេទ plug-in hybrid ដែលប្រើម៉ាស៊ីន៦ស៊ីឡាំង ជាជម្រើសថ្មីសម្រាប់អតិថិជនដែលស្រឡាញ់បរិស្ថាន។

បើផ្អែកតាមរង្វាស់ផ្លូវការរបស់ WLTP បានបង្ហាញថារថយន្ត Flying Spur Hybrid ជាមធ្យមបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីក ៧៥ក្រាម ក្នុងមួយគីឡូម៉ែត្រ ដែលជាកំណត់ត្រាទាប់ជាងគេសម្រាប់រថយន្ត Bentley។ បន្ថែមពីនេះ ការបើកបរដោយប្រើថាមពល​អគ្គិសនីសុទ្ធ​របស់​រថយន្តនេះ​គឺ​មាន​ចម្ងាយ ៤១គីឡូម៉ែត្រ ដោយសារការបំពាក់អាគុយលីចូមចំណុះ ១៨kWh ដែលអាគុយ​នេះ​អាចសាកពេញ​ក្នុងពេល​ ២,៥ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Flying Spur Hybrid ក៏ផ្ដល់ជូនចម្ងាយបើកបរគិតបញ្ចូលគ្នាជាមួយការចាក់ប្រេងឥន្ធនៈមួយពេញ និងអាគុយដែលសាកភ្លើងពេញ គឺអាចបើកបរ​បានដល់ចម្ងាយ ៨០៥គីឡូម៉ែត្រ។ តួលេខនេះកើនឡើងលើសពីការប៉ាន់ស្មានដំបូងរបស់ Bentley ដែលរំពឹងថាអាចបើកបរបានចម្ងាយជាង ៧០០គីឡូម៉ែត្រ។

ប្រព័ន្ធ plug-in hybrid មានគួបផ្សំដោយម៉ាស៊ីន៦ស៊ីឡាំង ចំណុះ២,៩លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលអាចផ្ដល់កម្លាំង​សរុប​បាន ៥៣៦សេះ។ ត្បិតថាកម្លាំងនៅតិចជាងប្រភេទម៉ាស៊ីន twin-turbo ៨ស៊ីឡាំង ប៉ុន្តែវាឲ្យរថយន្តស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ៤,៣វិនាទី។

គួរដឹងថា Flying Spur ជារថយន្តម៉ូដែលទីពីរដែលទទួលបានម៉ាស៊ីន plug-in hybrid បន្ទាប់ពីរថយន្ត Bentayga ហើយ Bentley ក៏មានផែនការបន្ថែមជម្រើសនេះទៅលើរថយន្តគ្រប់ម៉ូដែលរបស់ខ្លួន ដែលចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៤។ ចាប់​ពី​ឆ្នាំ​២០២៥ និងប្រាំឆ្នាំបន្តទៅមុខទៀត Bentley ក៏នឹងប្រកាសចេញរថយន្តអគ្គិសនីសុទ្ធ៥ម៉ូដែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម