Ford បានបញ្ចេញវីដេអូ Teaser ថ្មីមួយសម្រាប់រថយន្ត F-150 អគ្គិសនី និងបានប្រកាសពីផែនការផលិតរថយន្តនេះនៅរោងចក្រថ្មីក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិកផងដែរ ដែលនឹងចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២២។
ក្រុមហ៊ុនរថយន្តអាមេរិកនេះមិនបាននិយាយអ្វីច្រើនអំពីរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួននោះទេ ប៉ុន្តែបានបញ្ជាក់ថាវានឹងមានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួនពីរ ដែលអាចផលិតកម្លាំងបានលើសពីរថយន្ត F-150 ដែលមាននាពេលបច្ចុប្បន្នទៅទៀត។
នេះមានន័យថា F-150 អគ្គិសនី នឹងមានកម្លាំងខ្លាំងជាងរថយន្ត F-150 Raptor ឆ្នាំ ២០២០ ដែលមានម៉ាស៊ីន EcoBoost ៣,៥លីត្រ ៦ស៊ីឡាំង ផលិតកម្លាំងបាន ៤៥០សេះ។ Ford បានសន្យាថារថយន្ត F-150 ប្រភេទអគ្គិសនីនឹងបង្កើនសន្ទុះបានលឿន ហើយអាចសណ្ដោងបានធ្ងន់ទៀតផង៕