រថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ Ford ទទួលបានការកក់ទិញរហូតដល់ ១២ម៉ឺនគ្រឿង ដែលច្រើនលើសពីការរំពឹងទុក ហើយមានការរាយការណ៍ថាក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការផលិតទ្វេរដង ដើម្បីបំពេញតាមតម្រូវការដ៏ច្រើនលើសលប់នេះ។
សារព័ត៌មាន Automotive News ដែលដកស្រង់សម្ដីពីប្រភពជិតស្និទ្ធ បានអះអាងថាក្រុមហ៊ុន Ford នឹងចំណាយលុយបន្ថែម ៨៥០លានដុល្លារ ដើម្បីបង្កើនទំហំផលិត។ ផែនការដើមគឺចង់បង្កើនការផលិតរថយន្តជាបន្តបន្ទាប់ឲ្យបានលើសពី ៤ម៉ឺនគ្រឿងនៅក្នុងឆ្នាំ២០២៤ ប៉ុន្តែពេលនេះក្រុមហ៊ុនបានដាក់គោលដៅយក ៨ម៉ឺនគ្រឿងវិញ។
យ៉ាងណាក្ដី ការផលិតរថយន្ត F-150 Lightning នឹងចាប់ផ្ដើមនាឆ្នាំក្រោយនេះ ពេលដែល Ford ដាក់ផែនការផលិតរថយន្តនេះឲ្យបានចំនួន ១៥ ០០០គ្រឿងសិនសម្រាប់ឆ្នាំដំបូង។ ប្រភពជិតស្និទ្ធបាននិយាយដែរថា ផែនការរបស់ Ford គឺចង់បង្កើនការផលិតដល់ ៥៥ ០០០គ្រឿងនៅឆ្នាំ២០២៣ មុនបង្កើនដល់៨ម៉ឺនគ្រឿងនៅឆ្នាំ២០២៤។
គួរចាប់អារម្មណ៍ផងដែរថា ការចុះផ្សាយរបស់ Automotive News បាននិយាយថារថយន្ត F-150 Lightning ជំនាន់ទីពីរគឺបានត្រៀមថានឹងប្រកាសចេញនៅចុងឆ្នាំ២០២៥រួចហើយ ដែលរថយន្តនេះនឹងមានគោលដៅលក់ប្រចាំឆ្នាំជិត ១៦ម៉ឺនគ្រឿងផងដែរ៕