រថយន្ត Ford Everest Wildtrak ឆ្នាំ២០២៣ ប្រភេទប៉ុង២ បានធ្វើការបង្ហាញចេញជាផ្លូវការនៅប្រទេសនូវែលសេឡង់ ជាមួយផែនការនៃការចេញលក់នៅក្នុងខែកក្កដាឆ្នាំនេះ។
សម្រាប់ម៉ូឌែលថ្មី Everest Wildtrak ឆ្នាំ២០២៣នេះ វាស្ថិតនៅថ្នាក់ក្រោមនៃម៉ូឌែលខ្ពស់បំផុត Luxury Platinum និងខាងលើនៃម៉ូឌែល Sport។ ហើយសម្រាប់ភាពខុសប្លែកគ្នានៃម៉ូឌែលមួយនេះពីម៉ូឌែលផ្សេងទៀតគឺវាត្រូវបានភ្ជាប់មកជាមួយការលេងនូវពណ៌ខ្មៅទៅលើកាងមុខ និងកាងការពារភក់ បន្ថែមជាមួយឡូហ្គូអក្សរ “Wildtrak” នៅលើទ្វាជំហៀង, ទ្វាឃ្លុបក្រោយ និងគម្របម៉ាស៊ីន។
លើសពីនេះ នៅទីផ្សារនូវែលសេឡង់នេះ រថយន្តនេះបានបំពាក់ជាមួយថាសកង់អាលុយមីញ៉ូមពណ៌ខ្មៅទំហំ ២០អ៊ីញ, សំណុះចង្កៀងប្រើប្រាស់នូវអំពូល LED ហើយផ្នែកខាងក្នុងបានបំពាក់ជាមួយកៅអីរំលេចដោយថ្មេរដេរពណ៌លឿង និងអក្សរ“Wildtrak”, កុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២អ៊ីញ និងដំបូលកញ្ចក់ប្រភេទPanoramic sunroof។
រថយន្ត Ford Everest Wildtrak ឆ្នាំ២០២៣ ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,០លីត្រ Turbo-diesel V6 អាចផលិតកម្លាំងបាន ២៤៦សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរប៉ុងពីរ៕