
ក្រុមហ៊ុន Changan Ford បានបញ្ជាក់ថា Ford Mondeo ដែលបានធ្វើបច្ចុប្បន្នភាពនេះនឹងដាក់លក់នៅថ្ងៃទី ៤ ខែធ្នូ បន្ទាប់ពីបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅពិព័រណ៍រថយន្ត Guangzhou ឆ្នាំ ២០២៥ នេះ បើយោងតាម Auto-home។ សម្រាប់រថយន្ដ Mondeo ថ្មីត្រូវបានផលិតផ្តាច់មុខនៅក្នុងប្រទេសចិន បន្ទាប់ពីបានបញ្ចប់ការផលិតនៅអឺរ៉ុប និងអាមេរិកខាងជើង។
ម៉ូឌែលថ្មីនេះបានធ្វើការកែប្រែការរចនា, ផ្ទៃខាងក្នុង និងបច្ចេកវិទ្យាយ៉ាងសំខាន់ ដែលផ្តោតលើទីផ្សារប្រទេសចិន។ ផ្នែកខាងក្រៅរចនាជាមួយរូបរាងទាប និងទូលាយជាងមុន លេងបន្ថែមជាមួយប៉ាណាខាងមុខ ដែលបានរចនាឡើងវិញ ប៉ុន្តែរក្សាបាននូ DNA ការរចនារបស់ Ford។ ដំបូលរបស់រថយន្ដបានផ្លាស់ប្តូរទៅជាទម្រង់ Fastback ដំបូលលេងបន្ថែមជាមួយពណ៍ខ្មៅ។ នៅផ្នែកចំហៀងបំពាក់ជាមួយដៃទ្វាររាបស្មើ ខណៈផ្នែកខាងក្រោយលេងបន្ថែមជាបន្ទាត់ LED អូសកាត់ពេញទឹទឹងផ្នែកខាងក្រោយ។
ផ្នែកខាងក្នុងបំពាក់ជាមួយអេក្រង់ 4K ទំហំ ២៧អុីញ មានប្រវែងទទឹង ១.១ ម៉ែត្រអូសកាត់ពេញផ្ទាំងតាប្លូ ដំណើរការដោយបន្ទះឈីប Qualcomm 8155 ភ្ជាប់មកជាមួយប្រព័ន្ធឆ្លាតវៃ SYNC+ ចុងក្រោយបង្អស់ ដែលរួមបញ្ចូលប្រព័ន្ធរុករក Gaode (Amap) navigation និងគាំទ្រមុខងារ Apple CarPlay ឥតខ្សែ។
ក្រុមហ៊ុន Changan Ford រក្សាប្លង់កៅអី ៥ នាក់ បំពាក់មកជាមួយដំបូលកញ្ចក់បើក (panoramic sunroof) មានទំហំជិតមួយម៉ែត្រការ៉េ ខណៈចំណុះផ្ទុករបស់របរក្នុងកាប៊ីនបានកើនឡើងដល់ ៤៧.៥ លីត្រ។ ការផ្លាស់ប្តូរទាំងនេះតំណាងឱ្យការអាប់ដេតគួរឲ្យកត់សម្គាល់នូវទំហំផ្ទៃខាងក្នុងបើប្រៀបធៀបទៅនឹង Mondeo ម៉ូឌែលឆ្នាំ២០២៥ ដែលផ្តល់កៅអីស្តង់ដារ និងជម្រើសប្រព័ន្ធព័ត៌មានកម្សាន្តដែលតូចជាង។
Ford Mondeo ថ្មីដំណើរការដោយម៉ាស៊ីនចំណុះ ២.០ លីត្រ EcoBoostផ្គូផ្គងជាមួយប្រអប់លេខអូតូ ៨ វគ្គ អាចផលិតកម្លាំងផលិតបាន ២៦១ សេះ ជាមួយកម្លាំងបង្វិលអតិបរមា ៤០៨ ញូតុនម៉ែត្រ ។ រថយន្ដ Mondeo មុនៗមួយចំនួនរួមបញ្ចូលជម្រើសម៉ាសុីនចំណុះ ១.៥លីត្រ hybrid៕


















