រថយន្ត Ford Mustang Mach-E ស៊េរីឆ្នាំ២០២២ នឹងមានការផ្លាស់ប្ដូរបន្តិចបន្តួចសម្រាប់ស៊េរីថ្មី ដែលការផ្លាស់ប្ដូរធំជាងគេគឺលើទំហំអាគុយដែលអាចប្រើប្រាស់បាន ទាំងលើប្រភេទ Standard Range និងប្រភេទ Extended Range។
បើផ្អែកតាមឯកសារលេចធ្លាយបានឲ្យដឹងថាទំហំអាគុយដែលប្រើប្រាស់បានលើ Standard Range បានកើនពី ៦៨គីឡូវ៉ាត់ម៉ោង ដល់ ៧០គីឡូវ៉ាត់ម៉ោង ហើយអាគុយដែលប្រើប្រាស់បានលើ Extended Range កើនពី ៨៨ ដល់ ៩១គីឡូវ៉ាត់ម៉ោង។
ទំហំអាគុយសរុបមិនបានបញ្ជាក់ក្នុងឯកសារនោះទេ ប៉ុន្តែវាទំនងជានៅរក្សាទំហំ ៧៥,៧គីឡូវ៉ាត់ម៉ោងសម្រាប់ប្រភេទ Standard Range និងទំហំ ៩៨,៨គីឡូវ៉ាត់ម៉ោងសម្រាប់ប្រភេទ Extended Range។
តាមរយៈទំហំអាគុយនេះ គេបានប៉ាន់ស្មានថារថយន្ត Ford Mustang Mach-E នឹងអាចបើកបរបានចម្ងាយឆ្ងាយជាងមុនចន្លោះពី ១០គីឡូម៉ែត្រ ទៅ ១៦គីឡូម៉ែត្រ ដោយអាស្រ័យលើប្រភេទនីមួយៗ៕