Ford Ranger និង Everest ២០២៣ ត្រៀមបង្ហាញខ្លួននៅថៃ នៅថ្ងៃទី ២១នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford នៅក្នុងប្រទេសថៃ បានធ្វើការប្រកាសថា រថយន្ត Ford Ranger និង Everest ស៊េរីឆ្នាំ ២០២៣ ថ្មីនឹងត្រូវបានដាក់បង្ហាញជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសថៃនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២​ នៅឯពិព័រណ៍ Bangkok Motor Show ឆ្នាំ ២០២២។

គួរឲ្យដឹងថា ក្រុមហ៊ុន Ford មិន​បាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​នៃ All-new Ranger និង Everest សម្រាប់ទីផ្សារប្រទេសថៃ (Thai version) នៅ​ពេល​នេះ​ទេ។ ប៉ុន្តែក្រុមហ៊ុន Ford បានប្រកាសថា ខ្លួននឹងបន្តការផលិតម៉ាស៊ីនម៉ាស៊ូត turbo និង twin-turbo ដូចធម្មតា រួមទាំងម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០​ លីត្រ turbo V6 ដែលបានបំពាក់នៅលើម៉ូដែល Everest និងម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ EcoBoost V6 ដែលផលិតកម្លាំងបាន ៣៩៧ សេះ ដែលបានបំពាក់នៅលើ Ranger Raptor សម្រាប់លក់នៅក្នុងប្រទេសមួយចំនួនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្ត Ford Ranger ស៊េរីថ្មី និងរថយន្ត Everest ថ្មីនឹងត្រូវបានបំពាក់ជាមួយចង្កៀងមុខ Matrix LED ប្រភេទ C-clamp ដែលជាប់ជាមួយនឹងការរចនានៅប៉ាណាមុខថ្មី។

ចំណែកផ្នែកខាងក្នុងត្រូវបានគុណធ្វើឲ្យប្រសើរឡើងនៅសម្ភារៈគ្រឿងបរិក្ខាបន្ថែមទៀត ដោយភ្ជាប់មកជាមួយកុងទ័រព័ត៌មានឌីជីថលថ្មីស្រឡាងទំហំ ៨ អ៊ីញ ដល់ ១២,៤ អ៊ីញជាមួយនឹងអេក្រង់កំសាន្ត touchscreen កម្រិតច្បាស់ទំហំ ១០,១ អ៊ីញ ដល់ ១២ អ៊ីញ ប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ SYNC 4A រួមទាំងកម្មវិធី FordPass ដែលមានមុខងារបញ្ឆេះម៉ាស៊ីនពីចម្ងាយ ពិនិត្យស្ថានភាព និងអាចគ្រប់គ្រងទ្វារតាមរយៈទូរស័ព្ទជាដើម។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតអំពីរថយន្ត All-new Ford Ranger និង Everest ដែលនឹងដាក់លក់នៅក្នុងប្រទេសថៃ នឹងដឹងកាន់តែច្បាស់នៅ​ថ្ងៃ​ចាប់​ផ្ដើម​ថ្ងៃ​ទី ២១ ខែ​មីនាខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម