[ទីផ្សារបរទេស] ក្នុងឆមាសដំបូងនៃឆ្នាំ២០២២ ទីផ្សាររថយន្តភីកអាប់នៅវៀតណាម អាចលក់ចេញរថយន្តសរុប ៩ ៧៧៨គ្រឿង ដែលជាសញ្ញានៃការធ្លាក់ចុះ ១២,៧% ធៀបនឹងឆមាសទីមួយនៃឆ្នាំ២០២១។
ក្នុងនោះដែរ Ford Ranger ជារថយន្តភីកអាប់ដែលលក់ដាច់ជាងគេបំផុតនៅវៀតណាម ដោយអាចលក់ចេញបានសរុប ៦ ៤៣៣គ្រឿង គឺច្រើនជាងចំនួនលក់រថយន្តភីកអាប់ដទៃបូកបញ្ចូលគ្នា។ យ៉ាងណាក្ដី ចំនួនលក់រថយន្ត Ranger មានការថយចុះ ៧,៤% បើធៀបនឹងឆ្នាំ២០២១។
រថយន្តភីកអាប់ដែលលក់ដាច់លំដាប់ទីពីរនៅវៀតណាម គឺរថយន្ត Mitsubishi Triton ដែលលក់បានសរុប ២ ៤១៩គ្រឿង មានការកើនឡើង ៣៨% ធៀបនឹងឆមាសទីមួយនៃឆ្នាំកន្លងទៅ។ ចំណាត់ថ្នាក់បន្តបន្ទាប់មានរថយន្ត Isuzu D-Max ដែលលក់បាន ៥១៩គ្រឿង (កើនឡើង ៨៥%), រថយន្ត Mazda BT-50 លក់បាន ៣៩៧គ្រឿង (ថយចុះ ៤០%) និង Toyota Hilux លក់បាន ១០គ្រឿង ប៉ុណ្ណោះ៕