Ford F-150 Raptor ស៊េរីឆ្នាំ ២០២១ ដែលក្រុមហ៊ុនទើបប្រកាសចេញជាផ្លូវការមានមកជាមួយនូវជម្រើសម៉ាស៊ីនពីរប្រភេទគឺប្រភេទ ៦ស៊ីឡាំង និងប្រភេទ ៨ស៊ីឡាំង ដែលក្រុមហ៊ុន Ford មិនទាន់ប្រាប់ឲ្យដឹងអំពីសមត្ថភាពម៉ាស៊ីនទាំងពីរនៅឡើយទេ។
ទាក់ទងនឹងជម្រើសម៉ាស៊ីននេះដែរ លោក Tony Greco ដែលជាអ្នកចាត់ការផ្នែកផលិតរថយន្ត Raptor ថ្មីបានបញ្ជាក់ឲ្យដឹងកាលពីថ្មីៗនេះថាក្រុមហ៊ុន Ford មិនមានផែនការផលិត F-150 Raptor ប្រភេទ Hybrid ឬប្រភេទប្រើអគ្គិសនីទាំងស្រុង ដូចជារថយន្ត F-150 ជំនាន់ថ្មីនោះទេ។ លោក Greco បាននិយាយដូចនេះថា ៖ “ទេ! យើងបានឌីហ្សាញ និងផលិត Raptor ឡើងដើម្បីឲ្យវាក្លាយជា Raptor។”
ទាក់ទងនឹងម៉ាស៊ីន ៨ស៊ីឡាំងថ្មីរបស់ F-150 Raptor ស៊េរីឆ្នាំ ២០២១ ឯណោះវិញ ធ្លាប់មានដំណឹងចចាមអារ៉ាមមកថាវាមានចំណុះ ៥,២លីត្រ ប៉ុន្តែនៅមិនទាន់មានដំណឹងថាអាចបញ្ជាក់បាននៅឡើយទេពេលនោះ។ Ford បានសន្យាថាម៉ាស៊ីន ៨ស៊ីឡាំងនេះនឹងបង្ហាញវត្តមានសម្រាប់រថយន្ត Raptor ស៊េរីឆ្នាំ ២០២២៕