[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបញ្ជាក់ថា ពួកគេបានបង្កើនការផលិតទ្វេដងនៃរថយន្ត FORD F-150 Lightning ជាមយយលទ្ធផលក្នុងការផលិតរថយន្តភីកអាប់អគ្គិសនីថ្មីចំនួន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយក្រុមហ៊ុនព្យាករណ៍ពីតម្រូវការខ្លាំងសម្រាប់ F-150 Lightning សម្រាប់ក្រុមហ៊ុនផលិត និងដើម្បីកុំឲ្យអតិថិជនរង់ចាំយូរពេក។
ក្នុងនោះ លោក Kumar Galhotra ប្រធានក្រុមហ៊ុន Americans & International Markets Group របស់ក្រុមហ៊ុន Ford Motor បាននិយាយថា “ជាមួយនឹងការកក់ជិត ២០០ ០០០ គ្រឿង ក្រុមការងាររបស់យើងកំពុងធ្វើការយ៉ាងមោះមុត និងប្រកបដោយភាពច្នៃប្រឌិតដើម្បីបំបែកដែនកំណត់នៃការផលិត ដើម្បីនាំយក Lightning F-150 ទៅកាន់អតិថិជនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។”
ដើម្បីធ្វើឲ្យការកែប្រែនេះអាចធ្វើទៅបាន ក្រុមហ៊ុន Ford បានបង្កើតក្រុមការងារតូចមួយ ដើម្បីបង្កើតកំណត់ត្រាស្រាវជ្រាវ រួមទាំងខ្សែសង្វាក់ផលិតកម្ម លទ្ធកម្ម យុទ្ធសាស្ត្រ ការអភិវឌ្ឍន៍ផលិតផល និងផែនការសមត្ថភាព ក្រុមហ៊ុនផលិតរថយន្តក៏ធ្វើការជាមួយអ្នកផ្គត់ផ្គង់ផងដែរ ដើម្បីផ្តល់នៅសមាសធាតុបន្ថែមសម្រាប់ផលិតកម្ម។ ទាំងអស់គឺជាពិភពថ្មីដែល Ford កំពុងឈានជើងចូល ពួកគេទាំងអស់គ្នាត្រូវការប្រាក់យ៉ាងច្រើន និងកម្លាំងពលកម្មថ្មីដើម្បីជំរុញពួកគេ។
កាលពីខែធ្នូ ប្រធានក្រុមហ៊ុន Ford លោក Jim Farley បាននិយាយថា ក្រុមហ៊ុនត្រូវការរោងចក្រធំជាងនេះ ប្រសិនបើខ្លួនចង់បង្កើនការផលិតរថយន្ត F-150 Lightning ។
គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី F-150 Lightning បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការផលិតជាមុន (Pre-Production) ក្រុមហ៊ុន Ford គ្រោងនឹងចាប់ផ្តើមផលិតរថយន្តភីកអាប់អគ្គិសនីសម្រាប់ចែកចាយនៅនិទាឃរដូវឆ្នាំ ២០២២៕