[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញនៅម៉ូដែលថ្មីនៃរថយន្ត GAC E9 Super Fast Charging ប្រភេទ MPV ជាមួយតម្លៃលក់ចាប់ពី ៤៤ ៦៥០ ដុល្លារ ដល់ ៥៤ ៣០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
GAC E9 Super Fast Charging ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៦៧ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៣៦ គីឡូម៉ែត្រ គាំទ្រដោយការការថ្មល្បឿនលឿន អាចសាកបានដល់ ៨០% ប្រើរយៈពេល ៨នាទីប៉ុណ្ណោះ ។
សម្រាប់ប្រវែងរបស់ GAC E9 មានទំហំដូចគ្នាទៅនឹង GAC M8 ដែលមានប្រវែងសរុប ៥ ២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កំពស់ ១ ៨២៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ មានប៉ាណាមួយផ្ទាំងធំតុបតែងដោយក្រូម៉េជាប់ទៅសងខាងនឹងចង្កៀងមុខរាងអក្សរ L ប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ ក៏ដូចជាចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី។
ចំពោះនៅផ្នែកខាងក្នុងវិញ ឃើញមានបំពាក់ជាមួយអេក្រង់ចំនួន ៣ ដាច់ដោយឡែកពីគ្នាដោយរួមមាន អេក្រង់កំសាន្តនៅកណ្តាលទំហំ ១៤,៦ អ៉ីញ និងអេក្រង់សងខាងទំហំ ១២,៣ អ៉ីញ បំពាក់ជាមួយប្រព័ន្ធ ADiGo 4.0 គាំទ្រដោយឈីប Qualcomm Snapdragon 8155។ លើសពីនេះ នៅជួរទី២ មាន អេក្រង់ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកៅអីប្រភេទ Captain seat ចំនួន ២ ដែលមានបំពាក់ជាមួយអេក្រង់ touchscreen ទំហំ ៥ អ៉ីញនៅលើ armrest និងឧបករណ៍បំពងសំឡេងម៉ាល Yamaha ១៦ ចំនុច, ដំបូលកញ្ចក panoramic sunroof និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ តំបន់ជាដើម ៕