[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃរបស់រថយន្ត GAC GS3 ជំនាន់ថ្មី ប្រភេទ Compact SUV ជាមួយតម្លៃលក់ចាប់ពី ១២ ៨២៣ ដុល្លារ ដល់ ១៦ ៣២១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះបានបង្ហាញខ្លួនជាលើកដំបូងនៅឯពិរព័ណ៌រថយន្ត Guangzhou Auto Show ជាមួយរូបរាងទាក់ទាញខ្លាំង ដោយមានប៉ាណាមុខមួយផ្ទាំងធំ អបដោយចង្កៀងប្រភេទ LED ដៃទ្វារបង្កប់ ថាស់កង់ស្ព័រទំហំ ១៩ អ៊ីញ បន្ថែមកាងខាងមុខរចនាបែប aerodynamic, កាងជ្រែកខ្យល់ spoiler ខាងក្រោយទំហំធំ និងបំពង់ស៊ីមាំងចំនួន ២ ដែលបំពាក់នៅកណ្តាល។
ចំពោះនៅផ្នែកខាងក្នុងវិញ តុបតែងជា ២ ពណ៌ បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន Full-LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំ ភ្ជាប់មុខងារដ៏ឆ្លាតវៃ ADiGo ចុងក្រោយបង្អស់ និងប្រអប់លេខអេឡិត្រូនិចជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៥ វិនាទី ៕