
កាលពីថ្ងៃទី១៩ ខែធ្នូ ក្រុមហ៊ុន GAC បានបើកទទួលការបញ្ជាទិញទុកមុនជាផ្លូវការ លើរថយន្តប្រភេទ Sedan ម៉ូឌែលកំពូលរបស់ខ្លួន Hyptec A800 ប្រភេទ EREV ដែលត្រូវបានសហការផលិតរួមគ្នាជាមួយក្រុមហ៊ុន Huawei បំពាក់មកជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត៣ (L3) សម្រាប់ការបើកបរលើផ្លូវហាយវ៉េ។
រថយន្តថ្មីនេះមានបំពាក់នូវភ្លើងលម្អខាងក្នុង មានប្រវែងវែងជាងគេបំផុតក្នុងលោករហូតដល់ប្រវែង ៦ ៥៣៦ មីលីម៉ែត្រ ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Huawei គឺប្រព័ន្ធគ្រប់គ្រង Qiankun ADS 4.0 កម្រិត Ultra និងប្រព័ន្ធកាប៊ីនឆ្លាតវៃ HarmonySpace 5។
ចំពោះរូបរាងខាងក្រៅរបស់ Hyptec A800 បានប្រើភាសារចនាក្នុងនាមជារថយន្តថាមពលថ្មីដ៏ពេញនិយមរបស់ចិន ដោយមានផ្នែកខាងមុខបិទជិត លេងជាមួយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទទឹងផ្នែកខាងមុខ និងភ្លើងស្តុបក្រោយរចនាជាបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ បន្ថែមពីរថយន្ដនេះក៏បានបំពាក់ជាមួយ Lidar នៅលើដំបូល និងដៃទ្វារដែលលាក់ចូលក្នុង។ ក្រៅពីមានរូបរាងស្អាតទាក់ទាញហើយ រថយន្ដនេះមានមេគុណកកិតជាខ្យល់ (Drag coefficient) ត្រឹមតែ 0.275 Cd ជួយឲ្យវាបើកបរកាន់តែរលូននិងមានកម្រិតសន្សំសំចៃខ្ពស់។
សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅ GAC Hyptec A800 មានប្រវែងតួខ្លួនសរុប ៥ ១៣០មម ទទឹង ១ ៩៦៦មម កម្ពស់ ១ ៥០០មមនិងប្រវែងគម្លាតកង់មុខក្រោយប្រវែងង ៣ ០២០មម។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន GAC បានអះអាងថាភ្លើងហ្វារបស់រថយន្តនេះដែលមានប្រវែង ៦ ០៦៨មីលីម៉ែត្រ គឺជាភ្លើងហ្វាវែងជាងគេបំផុតក្នុងលោកក្នុងនាមជារថយន្តលក្ខណៈគ្រួសារប្រភេទ Seden ដោយភ្លើងហ្វានេះត្រូវរចនាមកអូសកាត់តាំងពីផ្នែកខាងមុខរហូតដល់ចំហៀងតួខ្លួន។ ទន្ទឹមគ្នានេះ Hyptec A800 ក៏មានបំពាក់នូវភ្លើងហ្វាប្រភេទបត់បើកបានបីជ្រុង (Three-sided flip-up headlights) ដំបូងគេបង្អស់ក្នុងលោក ដែលបង្ហាញឲ្យដឹងនៅពេលរថយន្តស្ថិតក្នុងរបៀបបើកបរស្វ័យប្រវត្តិ បើកបរធម្មតា ឬពេលកំពុងចត។ លើសពីនេះ វាក៏មានបំពាក់នូវភ្លើងហ្វាបញ្ចាំងឆ្លាតវៃរបស់ Huawei ដែលអាចបញ្ចេញទម្រង់ពន្លឺខុសៗគ្នាបានរហូតដល់ ៩ ប្រភេទផងដែរ។
កាលពីមុនរថយន្ដ Hyptec A800 ក៏បានចាប់ផ្តើមធ្វើតេស្តសាកល្បងការបើកបរស្វ័យប្រវត្តិកម្រិតទី៣ (L3) លើផ្លូវហាយវ៉េផងដែរ ដោយមានល្បឿនសាកល្បងរហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យវាក្លាយជារថយន្តដំបូងគេបង្អស់នៅក្នុងប្រទេសចិន ដែលទទួលបានការអនុម័តសម្រាប់ការធ្វើតេស្តល្បឿនលឿនកម្រិតទី៣ L3 ក្នុងកម្រិតល្បឿននេះ។
ចំពោះកម្រិតសមត្ថភាពវិញ GAC Hyptec A800 EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥ អាចផលិតកម្លាំងអតិបរមា ១១៨ គីឡូវ៉ាត់ (១៥៨ សេះ) ដើរតួជាម៉ាសុនីបង្កើនរយៈចម្ងាយ បន្សំជាមួយកញ្ចប់អាគុយប្រភេទ លីចូមដែកផូស្វាត (Lithium iron phosphate) ទំហំ ៣៥.០២៧ គីឡូវ៉ាត់ម៉ោង ប្រើថាមពលអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១៧៨ គីឡូម៉ែត្រគិតតាមស្តង់ដារវាស់ចម្ងាយ WLTC។ យ៉ាងមិញចំពោះព័ត៌មានលម្អិតនៃកម្លាំងម៉ូទ័រអគ្គិសនី និងចម្ងាយបើកបរជារួមសរុប
ក្រុមហ៊ុន GAC មិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេ៕























