[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC M6 PRO ប្រភេទ MPV ៧ កៅអីជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ១៥ ៩៦០ ដុល្លារ ដល់ ២៣ ២២៨ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៩៣ ម.ម ទទឹង ១ ៨៣៧ ម.ម កំពស់ ១ ៧៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ បើនិយាយពីការរចនាវិញ GAC Trumpchi M6 PRO មានលក្ខណៈបែបស្ព័រ បានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ចង្កៀងមុខប្រភេទ Bi-LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ បានតុបតែងជា ២ ពណ៌ មកជាមួយដៃចង្កូតប្រភេទពហុមុខងារ, កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ, កៅអីអ្នកបើកបរអាចលៃតម្រូវតាមរយះថាមពលអគ្គិសនី ៦ របៀប ឧបករណ៍បំពងសំឡេង ៨ ចំនុច, កាំម៉េរា ៣៦០ ដឺក្រេកម្រិត HD និងប្រព័ន្ធ ADiGo ដ៏ឆ្លាតវៃជាដើម ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត GAC M6 PRO ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៧៧ សេស និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាមួយកម្រិតស៊ីសាំង ៧,៥ លីត្រក្នុងរយះចម្ងាយ ១០០ គីឡូម៉ែត្រ ៕