Geely និង DeepSeek ប្រកាសសហការគ្នារួមបញ្ចូលគំរូ AI DeepSeek R1 ទៅក្នុងប្រព័ន្ធបើកបរឆ្លាតវៃរបស់រថយន្តរបស់ពួកគេ

ក្រុមហ៊ុន Geely បានប្រកាសអំពីការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអភិវឌ្ឍដោយខ្លួនឯង ជាមួយនឹងម៉ូដែល R1 របស់ DeepSeek ។ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មរវាងមនុស្ស និងកុំព្យូទ័រ ហើយក៏ជួយពង្រឹងប្រព័ន្ធបើកបរឆ្លាតវៃនៅក្នុងរថយន្តរបស់ពួកគេផងដែរ។

ក្នុងនោះ ក្រុមហ៊ុន Geely មានផែនការធ្វើការបណ្តុះបណ្តាល AI FunctionCall របស់ពួកគេជាមួយរថយន្ត Xingrui ដោយប្រើប្រាស់នូវវិធីសាស្ត្រ Distillation ជាមួយ DeepSeek R1។ វិធីសាស្ត្រនេះ អាចអោយ AI ដែលមានសមត្ថភាពខ្ពស់ជាងបង្រៀន AI តូចៗ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃប្រព័ន្ធបើកបរឆ្លាតវៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា Geely បានប្រកាសចេញម៉ូដែល Xingrui AI កាលពីថ្ងៃទី ១១ ខែមករា ដែលក្រុមហ៊ុនបានអះអាងថាជាគំរូ AI ដែលបង្កើតដោយខ្លួនឯងដំបូងបង្អស់នៅក្នុងឧស្សាហកម្មរថយន្ត។ ម៉ូដែល AI នេះ រួមបញ្ចូលបច្ចេកវិទ្យាចម្បងចំនួន ៣ គឺ ប្រព័ន្ធបញ្ជាសំឡេង (language model), ប្រព័ន្ធ multi-modal model និងប្រព័ន្ធ digital twin model ។

ជាមួយគ្នានេះ Geely ក៏បានដាក់ចេញយុទ្ធសាស្ត្រ “Smart Geely 2025” ដើម្បីពង្រឹងការអនុវត្តបច្ចេកវិទ្យា AI ជំនាន់ថ្មី ដូចជាប្រព័ន្ធ end-to-end voice interaction, ប្រព័ន្ធ AI digital twin និងប្រព័ន្ធបើកបរឆ្លាតវៃកម្រិតខ្ពស់ជាដើម។

គួរឲដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Geely បានលក់រថយន្តបានចំនួន ២៦៦ ៧០០ គ្រឿង កើនឡើង ២៧ភាគរយ បើប្រៀបធៀបទៅនឹងខែមុន និង ២៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាពិសេសការលក់រថយន្តថាមពលថ្មី (NEV) មានចំនួន ១២១ ១០០ គ្រឿង កើនឡើង ៨៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម