[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Geely បានវ៉ាដាច់ក្រុមហ៊ុន Mercedes-Benz និង BMW ស្ថិតក្នុងក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ១០ដែលមានការលក់ល្អបំផុតទូទាំងពិភពលោកនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ។
ក្នុងនោះ យោងតាមទិន្នន័យចេញពីគេហទំព័រ Nikkei Asia បង្ហាញថានៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ក្រុមហ៊ុន Geely របស់ប្រទេសចិនដែលជាម្ចាស់ក្រុមហ៊ុន Volvo, Louts រួមទាំង Polestar និង Zeekr លក់រថយន្តបានចំនួន ៧៣០ ០០០ គ្រឿងនៅទូទាំងពិភពលោក កើនឡើង ២៧% បើធៀបនឹងឆ្នាំមុន នឹងបានក្រុមហ៊ុនរថយន្តចិនដំបូងគេដែលជាប់នៅក្នុងបញ្ជីក្រុមហ៊ុនផលិតចំនួន ១០ដែលមានការលក់ល្អបំផុតនៅលើពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះ បញ្ជីនៃក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង ២០ របស់ពិភពលោកនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះក៏បានកត់ត្រាការលេចឡើងនៃឈ្មោះជាច្រើនពីឧស្សាហកម្មរថយន្តរបស់ចិនដូចជា BYD, Changan, Chery និង SAIC ។ ក្រុមនៃក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ៥ របស់ប្រទេសចិនសម្រេចបាននូវអត្រាកំណើនសរុប ២០% ខណៈដែលសន្ទុះនៃកំណើនសរុបនៃក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ២០ បានឈប់ត្រឹមតែ ២% ប៉ុណ្ណោះ ៕