[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសថា រថយន្ត Geely Galaxy L6 នឹងទទួលបានជម្រើសម៉ាសុីន plug-in hybrid ថ្មី ពោលគឺប្រព័ន្ធបច្ចេកវិទ្យា NordThor 2.0 PHEV របស់ក្រុមហ៊ុន Geely ផ្ទាល់និងតម្លៃលក់ប្រហាក់ប្រហែងនឹងរថយន្តបច្ចុប្បន្ន ហើយគ្រោងប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗនេះ។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង GEA Platform មានប្រវែងតួខ្លួនសរុប ៤ ៧៨២ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៤៨៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥២ ម.ម ដំណើរការដោយម៉ាសុីន NordThor 2.0 PHEV ថ្មី ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ១០៩ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ (កម្លាំងមិនទាន់ដាក់បង្ហាញ) ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៤៨ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៣,៨ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ ។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានបំពាក់ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩ អ៊ីញ និងដៃទ្វារប្រភេទ Flush-door។ ចំពោះនៅផ្នែកខាងក្នុងវិញមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕