[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Geely Galaxy E8 ម៉ូដែលខ្ពស់ជាងគេ ប្រើប្រាស់នៅអគ្គិសនីសុទ្ធ និងជាគូរប្រជែងរបស់ BYD Han EV គ្រោងនឹងចេញលក់ជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ ២០២៣ ។
រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៤៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម ជាមួយការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយនៅផ្នែកខាងមុខមានចង្កៀង LED រាងស្លីប ព្រមទាំងបំពាក់ថាសកង់ស្ព័រ ដៃទ្វារប្រភេទ flash-door និងចង្កៀងក្រោយរាងជាអក្សរ C ។ លើសពីនេះ ក៏បានបំពាក់កាម៉េរា និងសេនស័រ ដែលជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ទៀតផង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូទំហំដល់ទៅ ៤២ អ៉ីញ ជាមួយកម្រិត 8K គាំទ្រដោយឈីប built-in Qualcomm Snapdragon 8295 Geely ក៏អះអាងថាអេក្រង់នេះមានលក្ខណៈប្រឆាំងនឹងពន្លឺភ្លឺច្បាស់ ការពារស្នាមក្រយៅដៃ មិនជ្រាបទឹក និងការពារធូលី ។
Galaxy E8 នឹងមានទាំងប្រភេទប៉ុង ១ និងប៉ុង ២ ដែលត្រូវបានភ្ជាប់មកជាមួយស្ថាបត្យកម្ម 400V architecture បំពាក់ដោយម៉ូទ័រចំនួន ១ មានកម្លាំង ២៦៨ សេះ ល្បឿនអតិបរមារបស់វាគឺ ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេ ៕