
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនគឺ Geely បានប្រកាសចេញជាផ្លូវការនូវប្រព័ន្ធ Hybrid ជំនាន់ទី ២ របស់ខ្លួនហើយ ដោយមានឈ្មោះថា Leishen AI Hybrid 2.0 ។
សម្រាប់លក្ខណៈពិសេសនៃប្រព័ន្ធ Leishen AI Hybrid 2.0 នេះ គឺត្រូវបានរចនាឡើងជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ដែលអាចបម្លែងថាមពលសាំងចំនួន ៤៧,២៦% (Thermal Efficiency) ទៅជាថាមពលដែលមានប្រយោជន៍ (Mechanical Energy) ដែលអាចជួយរថយន្តបើកបរទៅមុខបាន ពោលគឺបច្ចេកវិទ្យាថ្មីរបស់ Geely នេះ គឺមានប្រសិទ្ធភាពខ្ពស់ជាងប្រព័ន្ធ DM-i របស់ BYD ដែលមានប្រសិទ្ធភាពត្រឹមតែ ៤៦,០៦% ប៉ុណ្ណោះ។ លើសពីនេះ ក៏បានរួមបញ្ជូលនូវប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលអាចគ្រប់គ្រងថ្មបានល្អប្រសើរជាងមុន ដោយជួយបន្ថែមអាយុកាលថ្មរហូតដល់ ១៥% ផងដែរ។
ក្នុងនោះ ប្រព័ន្ធនេះត្រូវបានបែងចែកជាពីរផ្នែកគឺ៖
-
EM-i៖ ត្រូវបានដំឡើងលើរថយន្ត Geely Galaxy A7 ដែលស៊ីសាំងត្រឹមតែ ២លីត្រ ប៉ុណ្ណោះ ក្នុង ១០០ គីឡូម៉ែត្រ និងអាចបើកបានចម្ងាយសរុបដល់ទៅ ២ ១០០ គីឡូម៉ែត្រ។
-
EM-P៖ ត្រូវបានដំឡើងលើរថយន្ត SUV ដែលប្រើប្រព័ន្ធប៉ុង ២ និងម៉ាសុីន turbocharged សេរ៊ីថ្មីរបស់ខ្លួនគឺរថយន្ត Galaxy M9 ដែលអាចបើកបានចម្ងាយសរុប ១ ៥០០ គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ប្រព័ន្ធ Leishen AI Hybrid 2.0 នេះ ក៏នឹងទទួលបាននូវជម្រើសអ៊ីដ្រូសែន ដែលមានប្រសិទ្ធភាពកាន់តែខ្ពស់រហូតដល់ ៤៨,១៥% ហើយគ្រោងនឹងដាក់ប្រើនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ សម្រាប់រថយន្ត Sedan និង SUV ផងដែរ៕