
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូដេលថ្មីប្រភេទ flagship SUV មានឈ្មោះថា Geely Galaxy M9 ប្រើថាមពលអគ្គីសនី លាយសាំង PHEV គ្រោងនឹងដាក់លក់បជាផ្លូវការនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញទេ ។
Geely Galaxy M9 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៦១ សេះ ផ្គួបជាមួយអាគុយទំហំ ៤១,៤៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨៥គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនីលាយសាំង អាចបើកបរបានចម្ងាយ ១ ៥០០គីឡូម៉ែត្រ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២០៥ ម.ម ទទឹង ១ ៩៩៩ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៣០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបជ្រុង ដោយបានលេងការឌីស្សាញចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ HUD ព្រមទាំងបញ្ចូលនៅបច្ចេកវិទ្យា Ai Intelligent ជំនាន់ថ្មី និងប្រព័ន្ធជំនួយការអ្នកបើកបរ G-Pilot H5 ADAS ផងដែរ ៕