
ដើម្បីជំរុញការលក់ ក្រុមហ៊ុន Geely Group បានសម្រេចបានបន្ថែមមកជាមួយជម្រើសប្រើប្រាស់ម៉ាសុីន PHEV លើរថយន្ត Minivan LEVC L380 ដើម្បីប្រជែងទីផ្សារក្នុងស្រុកនិងទីផ្សារក្រៅ ដោយគ្រោងនាំយករបស់នេះទៅលក់នៅទីផ្សារចក្រភពអង់គ្លេសនៅឆ្នាំក្រោយ។
បច្ចុប្បន្នរថយន្ត LEVC L380 ម៉ូឌែលប្រើអគ្គិសនីសុទ្ធ បានដាក់លក់នៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ផ្តើមពី ២៩៩ ៩០០ យន់ ឬស្មើនិងប្រមាណ ៤១ ៧៧០ ដុល្លារ។ ដើម្បីតម្រូវការតាមទីផ្សារទីក្នុងនៅប្រទេសចិននិងនៅចក្រភពអង់គ្លេស ពួកគេនឹងត្រូវអាប់ដេតបន្ថែមនូវម៉ូឌែលប្រើប្រាស់ថាមពល Plug-in Hybrid ។ តាមការរំពឹងទុកនៅឆ្នាំ២០២៦ រថយន្ត LEVC L380 នឹងចូលទីផ្សារចក្រភពអង់គ្លេស។
ក្រុមហ៊ុន LEVC (London EV Company) គឺជាក្រុមហ៊ុនផលិតរថយន្តតាក់ស៊ីទីក្រុងឡុងដ៍ ស្ថិតនៅក្រោមក្រុមហ៊ុន Geely ហើយមានប្រភពមកពីក្រុមហ៊ុន The London Taxi Corporation Limited និងជាតួអង្គមួយសំខាន់ក្នុងដំណើរអភិវឌ្ឍរថយន្ដថ្មីនេះ។ កន្លងមកក្រុមហ៊ុននេះបានដាក់បង្ហាញរថយន្ដប្រើថាមពលថ្មីរបស់ខ្លួនក្នុងឆ្នាំ២០១៧ ដើម្បីឆ្លើយតបទៅនឹងបទប្បញ្ញត្តិថ្មីសម្រាប់រថយន្តតាក់ស៊ីនៅទីក្រុងឡុងដ៍។
កាលពីឆ្នាំមុន ក្រុមហ៊ុន LEVC បានចាប់ផ្តើមផលិតរថយន្តម៉ូដែលប្រើថាមពលថ្មីទី២ មានឈ្មោះថា L380 minivan។ ដំបូងឡើយ រថយន្តនេះបានចាប់ផ្តើមលក់នៅប្រទេសចិនក្នុងខែកក្កដា ឆ្នាំ២០២៤ ដាក់លក់ជាមួួតម្លៃចាប់ផ្តើមពី ៣៧៩ ០០០ យន់ ឬស្មើនិងប្រមាណ ៥២ ៣៩០ ដុល្លារ។ ទោះជាយ៉ាងណា រថយន្តនេះបានជួបប្រទះបញ្ហាការលក់យឺតយ៉ាវ ដោយលក់បានត្រឹមតែ ១ ៦៨៥ គ្រឿងប៉ុណ្ណោះ ពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមទិន្នន័យពី China EV DataTracker។
នៅក្នុងខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន Geely បានដាក់លក់រថយន្ត LEVC L380 ជាលើកទី២ នៅក្នុងប្រទេសចិន។ ការដាក់លក់ឡើងវិញនេះ បានបង្ហាញពីការផ្លាស់ប្តូរម៉ូឌែលទៅក្នុងម៉ាក់យីហោ Geely Galaxy។ រថយន្តនេះត្រូវបានប្តូរឈ្មោះទៅជា Geely Galaxy LEVC L380 ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺតម្លៃចាប់ផ្តើមរបស់វាបានធ្លាក់ចុះមកត្រឹមតែ ២៩៩ ៩០០ យន់ ឬស្មើនិងប្រមាណ ៤១ ៧៧០ ដុល្លារ។ ទោះជាបីយ៉ាងណា ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះមិនបានជួយបង្កើនបរិមាណលក់របស់ LEVC L380 នោះទេ ដោយសារតែរថយន្តនេះលក់បានត្រឹមតែ ៤៤០ គ្រឿងប៉ុណ្ណោះ ពីខែមីនាដល់ខែកក្កដា ក្រោមម៉ាក់យីហោ Geely Galaxy។
ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Geely នៅតែមិនបោះបង់ចោលគម្រោងក្នុងការពង្រីកការលក់រថយន្ដ LEVC នេះទេ ដោយសារថ្មីៗនេះគេបានប្រទះឃើញ រថយន្ដនេះនៅក្នុងប្រទេសចិនជាមួយជម្រើស EREV (Extended-Range Electric Vehicle)។ នេះបញ្ជាក់ថា Geely ចង់ផ្តល់ឱកាសមួយទៀតដល់ L380 ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ PHEV ក្នុងស្រុកដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លើសពីនេះ រថយន្ត minivan LEVC L380 ត្រូវបានគេគ្រោងនឹងដាក់លក់នៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៦។ ដូច្នេះ ក្រុមហ៊ុន Geely អាចនាំយករថយន្តនេះទៅកាន់ទីផ្សារចក្រភពអង់គ្លេសជាមួយនឹងជម្រើសម៉ាស៊ីនពីរប្រភេទ។
រថយន្ត LEVC L380 ម៉ូឌែលថ្មី ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិនកាលពីថ្ងៃទី២១ ខែសីហា។ រថយន្ដនេះអាចននឹងប្រើប្រាស់ប្រព័ន្ធថាមពលកូនកាត់ EM Hybrid 2.0 របស់ក្រុមហ៊ុន Geely បានបង្កើតឡើងដោយផ្ទាល់ ហើយប្រព័ន្ធនេះដំណើរដោយការរួមបញ្ចូលគ្នារឲរវាងម៉ាស៊ីនចំហេះខាងក្នុង (ICE) និងម៉ូទ័រអគ្គិសនីជាច្រើនប្រភេទ។
តាមការប៉ាន់ស្មានរថយន្ត LEVC L380 អាចនឹងប្រើប្រាស់ម៉ាស៊ីន PHEV របស់រថយន្ត Geely Galaxy M9 SUV ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។ ម៉ាស៊ីននេះដំណើរការរួមបញ្ចូលគ្នាជាមួួម៉ាស៊ីនចំណុះ ១.៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបដល់ទៅ ៥២០ គីឡូវ៉ាត់ (៦៩៧ សេះ)។ ការប្តូរទៅប្រើម៉ាស៊ីន PHEV នឹងជួយឱ្យក្រុមហ៊ុន Geely កាត់បន្ថយការចំណាយលើរថយន្ត LEVC L380 ដោយប្រើប្រាស់អាគុយទំហំតូចជាងមុន។ ជំហាននេះនឹងជះឥទ្ធិពលដល់តម្លៃចាប់ផ្តើមនៃរថយន្ត minivan ដ៏ធំនេះនៅក្នុងប្រទេសចិន ហើយអាចនឹងធ្វើឱ្យការលក់កើនឡើងផងដែរ៕