
ក្រុមហ៊ុន Geely Automobile បានបង្ហើបឲ្យឃើញរូបរាងខ្លះៗនៃរថយន្ត SUV បែប Off-Road ថ្មីរបស់ខ្លួន ដែលត្រូវចាត់ទុកថាជាគូប្រជែងរបស់ Land Rover Defender មុនពេលឈានដល់ការប្រកាសចេញជាផ្លូវការ។ រថយន្តម៉ូឌែលថ្មីនេះគឺជារថយន្ដទទួលបានការកែប្រែក្នុងការផលិតទ្រង់ទ្រាយធំ ត្រូវបានអភិវឌ្ឍចេញពីឡានគម្រូ Geely Galaxy Cruiser ដែលបានដាក់បង្ហាញកាលពីឆ្នាំមុន។ តាមការរំពឹងទុករថយន្តថ្មីនេះនឹងត្រៀមនឹងវាយលុកទីផ្សារពិភពលោកនៅក្នុងឆ្នាំនេះ។
បើយយោងតាមរូបភាពផ្លូវការរបស់រថយន្ត SUV ម៉ូដែលថ្មីរបស់ក្រុមហ៊ុន Geely ត្រូវប្រទះឃើញកំឡុងពេលកំពុងធ្វើតេស្តក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង នៅទីលានសាកល្បង Colmis ដែលស្ថិតក្នុងតំបន់រង្វង់អាកទិក (Arctic Circle) ក្បែរក្រុង Arjeplog ប្រទេសស៊ុយអែត។ យោងតាមសេចក្តីប្រកាសព័ត៌មានមុននេះ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមួយនេះ បានធ្វើការសាកល្បងទៅលើប្រព័ន្ធគ្រប់គ្រងអាកាសធាតុ (ម៉ាស៊ីនត្រជាក់/កម្តៅ), ប្រសិទ្ធភាពនៃប្រព័ន្ធដំណើរការថាមពលនិងសមត្ថភាពតោងស្អិតរបស់កង់រថយន្ដក្នុងលក្ខខណ្ឌការបើកបរលើផ្លូវដ៏លំបាកបំផុត។
ចំពោះរថយន្ត Crossover ទើបតែបង្ហាញខ្លួននេះ ហាក់ដូចជាកំណែទម្រង់នៃការផលិតទ្រង់ទ្រាយធំនៃរថយន្តគម្រូ Geely Galaxy Cruiser។ ក្រឡេមើលរូបរាងរបស់រថយន្ដនេះបានរក្សានូវរាងរៅតួខ្លួនដដែល ប៉ុន្តែមានការផ្លាស់ប្តូរដែលគួរឲ្យកត់សម្គាល់មួយចំនួនរួមមាន៖ ការបំពាក់ឧបករណ៍សេនស័រ LiDAR មួយនៅលើដំបូល, ការកែសម្រួលរូបរាងកាងនិងការបន្ថែមសេនស័រសម្រាប់ប្រព័ន្ធបើកបរវៃឆ្លាតកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ រថយន្តនេះនៅតែមានកម្ពស់បាតខ្ពស់ផុតពីដី, ផ្ទៃកង់រីកធំ, និងទ្វារក្រោយដែលបើកចេញទៅចំហៀងព្រមទាំងមានបំពាក់កង់សារគួរនៅជាប់នោះផងដែរ។
រថយន្ត Galaxy Galaxy Cruiser ទទួលបានការកំណែទម្រង់ក្នុងការផលិតទ្រង់ទ្រាយធំនេះ ត្រូវបានគ្របដណ្ដប់ដោយស្ទីកឃ័របិទជិត។ ប៉ុន្តែទោះបីជាមានការបិទជិតក៏ដោយ យើងអាចកត់សម្គាល់ឃើញថា រថយន្ត Off-road ដ៏រឹងមាំមួយនេះ មានដៃទ្វារបែបបុរាណ, ចង្កៀងមុខក្រោយមានទំហំធំនិងគូទឡានរចនារាងខ្លី។ រចនាបថខាងក្រៅរបស់វា គឺពិតជាទទួលបានការបំផុសគំនិតយ៉ាងច្បាស់ពី Land Rover Defender។ កាលពីពេលមុន មន្ត្រីរបស់ក្រុមហ៊ុន Geely បានអះអាងថា រថយន្ត Cruiser នឹងវាយលុកទីផ្សារពិភពលោកនៅក្នុងឆ្នាំនេះ ដើម្បីប្រកួតប្រជែងជាមួយម៉ូឌែល Land Rover ដែលបានរៀបរាប់ខាងលើ។
យ៉ាងណាមិញមិនទាន់មានព័ត៌មានលម្អិតអំពីលក្ខណៈបច្ចេកទេសរបស់ Geely Galaxy Cruiser ទទួលការបានកែប្រែថ្មីនេះនៅឡើយទេ។ ប៉ុន្ដែកាលពីមុនមានការបង្ហើបថា រថយន្តនេះនឹងប្រើប្រាស់ប្រព័ន្ធចលនាបែប Plug-in Hybrid (PHEV)។ ទន្ទឹមគ្នានេះក៏មានភាគរយខ្ពស់ដែលរថយន្ត Off-road មួយនេះនឹងប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនរួមគ្នាជាមួយរថយន្ត Geely Galaxy M9 ប្រភេទប៉ុងពីរ (AWD)។
លក្ខណៈពិសេសប្លែកដាច់គេមួយទៀតរបស់ Galaxy Cruiser គឺមុខងារ “ហែលទឹក” (Swimming Mode)។ រថយន្តនេះអាចបើកបរឆ្លងកាត់បឹង ឬត្រពាំងតូចៗបានក្នុងល្បឿន ៨.៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាក៏ទំនងជានឹងបំពាក់នូវប្រព័ន្ធជំនួយការបើកបរ G-Pilot H7 របស់ Geely ដែលមានសេនស័រជាង ៣០ គ្រាប់ និងប្រើប្រាស់បន្ទះឈីប Nvidia Drive Thor ដែលមានសមត្ថភាពគណនាដល់ទៅ ៧០០ TOPS។ រថយន្ត Geely Galaxy Cruiser រំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Beijing Auto Show 2026 នៅចុងខែមេសាខាងមុខនេះ៕





















