ក្រុមហ៊ុន Geely ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសចិន កំពុងពង្រីកទីផ្សាររបស់ពួកគេទៅក្នុងប្រទេសឥណ្ឌូនេស៊ីជាថ្មី ដោយមានផែនការផលិតរថយន្ត Geely EX5 និងម៉ូដែលផ្សេងៗជាច្រើនទៀតនៅក្នុុងប្រទេសមួយនេះ។
ក្នុងនោះ ក្រុមហ៊ុន Geely នឹងបង្កើតរោងចក្រផលិតរថយន្តថ្មីនៅក្នុងទីក្រុង Bekasi ក្នុងខេត្ត West Java ដែលគ្រោងចាប់ផ្តើមផលិតនៅត្រីមាសទី ២ ឆ្នាំ ២០២៥ នេះ។ ចំពោះការផលិតនេះ គឺជាការផលិតរថយន្តប្រភេទ Complete Knock Down (CKD) សម្រាប់ទីផ្សាររបស់ឥណ្ឌូនេស៊ី និងតំបន់អាស៊ាន។
លើសពីនេះ ក្រុមហ៊ុន Geely ក៏មានគម្រោងបើកកន្លែងលក់ និងសេវាកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីចំនួន ១០០កន្លែងក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខផងដែរ ដើម្បីជួយបង្កើនសេវាកម្ម និងភាពងាយស្រួលសម្រាប់អតិថិជន។ ក៏ប៉ុន្តែការចូលទីផ្សាររបស់ Geely នៅក្នុងប្រទេសឥណ្ឌូនេស៊ីជាថ្មីអាចជាឧបសគ្គសំខាន់សម្រាប់ក្រុមហ៊ុន Proton ដែលធ្លាប់បានសហការជាមួយ Geely ចាប់តាំងពីឆ្នាំ ២០១៧ និងមានគម្រោងនាំចេញរថយន្តទៅប្រទេសក្នុងតំបន់អាស៊ានដូចគ្នាផងដែរ៕