[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់អគ្គិសនីសុទ្ធ Radar King Kong នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ២១ ៩០០ ដុល្លារ។
Radar King Kong មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ១ ៩០០ ម.ម កម្ពស់ ១ ៨៦៥ ម.ម និងកម្ពស់បាត ២២៥ ម.ម ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣០៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤២, ៥៥, ៧៣ និង ៨៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៣១០ ទៅ ៦០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៨,១វិនាទី។
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ 4WD អាចផលិតកម្លាំងបានសរុប ៣៧៥ សេះ និងកម្លាំងរមួល ៤៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤២, ៦៣ និង ៧៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៣៣០ ទៅ ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៥,៧វិនាទី។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំពាក់ប៉ាណាបិតជិតឌីស្សាញបែបសំបុកឃ្មុំអបសងខាងដោយចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នូវយ៉ាន់កង់ស្ព័រទំហំ ១៨អ៊ីញ និងសំបកកង់ប្រភេទ Off-Road ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕