[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅតម្លៃរបស់រថយន្ត Geely Boyue Cool ប្រភេទ SUV ខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ១៥ ៣២៤ ដុល្លារ ដល់ ១៨ ០០៤ ដុល្លារនៅក្នងទីផ្សារប្រទេសចិន។
រថយន្ត Geely Boyue Cool មានការឌីស្សាញបែបស្ព័រ ដោយនៅផ្នែកខាងមុខត្រូវបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោនៅចំកណ្តាល ប្រើប្រាស់ថាសកង់ស្ព័រទំហំធំ និងផ្នែកខាងក្រោយមានកាង spoiler លយចេញពីដំបូង ចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅផ្នែកខាងមុខ និងបំពង់ស៊ីមាំងភ្លោះចំនួន ២ នៅផ្នែកសងខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ ពោលពេញទៅដោយបច្ចេកវិទ្យាទំនើបៗ និងផ្តោតទៅលើប្រណិតភាព ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ រចនាបញ្ឈរស្របទៅនឹងកុងស៊ូលកណ្តាល ភ្ជាប់មុខងារដ៏សំបូរបែប និងគាំទ្រដោយឈីប Qualcomm 8155 8-core CPU និងអេក្រង់បង្ហាញលើកញ្ចក់ប្រភេទ AR ក៏ដូចជាដំបូលកញ្ចក់ panoramic sunroof ទំហំធំផងដែរ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកដោយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិត២ ជាមួយមុខងារចំនួនដល់ទៅ ១៣ មុខងារ ។
បើនិយាយពីកម្លាំងវិញ រថយន្តស៊េរីថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាមួយរបៀបបើកបរចំនួន ៥ រួមមាន Eco, Normal, Sport, Show និង Off-Road ៕