
រថយន្តសេដានប្រភេទ Plug-in Hybrid Geely Galaxy Starhine 8 ស៊េរីថ្មីទទួលបានការអាប់ដេតថ្មី បានបើកទទួលការបញ្ជាទិញទុកមុននៅប្រទេសចិនជាមួយនឹងតម្លៃចាប់ផ្ដើមពីត្រឹមតែ ២០ ៧៤០ ដុល្លារ។ កាលពីដំបូងឡើយរថយន្ដនេះបានឈានជើងចូលទីផ្សារប្រទេសចិនក្នុងខែឧសភា ឆ្នាំ ២០២៥។ កាលនោះវាមានជម្រើសរហូតដល់ទៅ ៧ម៉ូឌែលមានតម្លៃចន្លោះពី ១៨ ២៧០ ដល់ ២៤ ០៨០ ដុល្លារ។
Geely Galaxy Starshine 8 ទទួលអាប់ដេតថ្មី នៅតែរក្សានូវរចនាបថរូបរាងខាងក្រៅដដែល ដោយបន្ដការរចនាជាមួយរូបរាងស្រឡូនបែបតំណក់ទឹក, ដៃទ្វារលិចក្នុងតួរថយន្ដនិងចង្កៀងមុខពីរជាន់។ អ្វីដែលធ្វើរថយន្តស៊េរីថ្មីនេះប្លែកពីមុនគឺជម្រើសពណ៌ថ្មីចំនួនពីរគឺពណ៌មាស “Sunny Gold” និងពណ៌ “Danxia Mine”។ ចំពោះពណ៌ថ្មីរបស់រថយន្ដនេះត្រូវបានដាក់ឈ្មោះតាមតំបន់ទេសភាពភូមិសាស្ត្រ Danxia ល្បីល្បាញដោយសារផ្ទាំងថ្មមានពណ៌ក្រហមឆ្អៅ។
លក្ខណៈពិសេសមួយទៀតនៃរថយន្ត Geely Galaxy Starshine 8 ថ្មីគឺការការបំពាក់នូវសេនស័រ LiDAR នៅលើដំបូល, រ៉ាដា mm-wave ៣គ្រាប់, កាមេរ៉ា ១១គ្រាប់និងសេនស័រ Ultrasonic ១២គ្រាប់។ ឧបករណ៍ទាំងនេះដំណើរការដោយបន្ទះឈីប Nvidia Drive Orin ដែលមានសមត្ថភាពគណនាទិន្នន័យបានរហូតដល់ ២៥៤ TOPS។
ជាមួយគ្នានេះ Geely Galaxy Starshine 8 ក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ G-Pilot H5 អនុញ្ញាតឲ្យរថយន្តអាចប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ (Navigate On Autopilot – NOA) ទាំងនៅលើផ្លូវក្នុងក្រុងនិងនៅលើផ្លូវហាយវ៉េ។ គួរបញ្ជាក់ផងដែរចំពោះប្រព័ន្ធជំនួយការបើកបរ G-Pilot H5 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Afari Technology ជាក្រុមហ៊ុនគាំទ្រដោយ Geely ហើយក្នុងនោះក្រុមហ៊ុន Mercedes-Benz ក៏មានចំណែកភាគហ៊ុន ៣% ផងដែរ។

កាលពីមុន ប្រព័ន្ធជំនួយការបើកបរ G-Pilot H5 ត្រូវបានដាក់ឲ្យប្រើប្រាស់នៅលើរថយន្ត SUV ខ្នាតធំ ៦ កៅអី Geely Galaxy M9 ដែលជាម៉ូដែលកំពូល (Flagship) របស់ក្រុមហ៊ុនប៉ុណ្ណោះ។ ចូលមកដល់ផ្នែកខាងបានបំពាក់នូវកុងទ័រឌីជីថលប្រភេទ LCD និងអេក្រង់កម្សាន្តថាច់ស្គ្រីនដ៏ធំ។ ប្រព័ន្ធកម្សាន្តនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Flyme Auto 2 ជាប្រភេទតែមួយដូចទៅនឹងរថយន្ត Galaxy M9 ផងដែរ។
ចំណុចកែលម្អសំខាន់ៗរបស់វាមានដូចជា៖បន្ថែមមកជាមួយប្រព័ន្ធជំនួយការបញ្ជាដោយសំឡេង AI កាន់តែឆ្លាតវៃ, មុខងារ One-screen Dual-application អនុញ្ញាតឲ្យលោកអ្នកអាចប្រើកម្មវិធីពីរក្នុងពេលតែមួយលើអេក្រង់តែមួយនិងមុខងារកំណត់ការតភ្ជាប់ជាមួយស្មាតហ្វូនបានរហូតដល់ ៩០% នៃម៉ូឌែលទូរស័ព្ទដែលមានលើទីផ្សារ។
លើលពីនេះលក្ខណៈរថយន្ដនេះក៏បំពាក់ជាមួយអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់មុខ (Head-up display) និងឧបករណ៍បំពងសម្លេង Flyme Sound ចំនួន ២៣គ្រាប់។ ចូលមកដល់កម្រិតសមត្ថភាពរបស់រថយន្ត Geely Galaxy Starshine 8 ទទួលបានការអាប់ដេតថ្មីនេះម្ដង ក្នុងនោះម៉ូឌែលស្តង់ដារដំណើរដោយម៉ាស៊ីនសាំង ១.៥ លីត្រ រួមបញ្ចួលជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងសរុបបាន ២៥៧ គីឡូវ៉ាត់ (៣៤៥ សេះ)។ សម្រាប់ម៉ូឌេលនេះ មានកម្រិតស៊ីសាំងទាបបំផុតត្រឹមតែ ៣.៣២ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ ប៉ុណ្ណោះ។
ដោយឡែក សម្រាប់ម៉ូឌែលមានកម្លាំងខ្លាំងជាងនេះ គឺប្រើប្រាស់ប្រព័ន្ធ EM-P Plug-in Hybrid ជំនាន់ថ្មី ដំណើរដោយម៉ាស៊ីនសាំង ១.៥ លីត្រ Turbo ជំនួយដោយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងសរុបបានរហូតដល់ ៣០០ គីឡូវ៉ាត់ (៤០២ សេះ) និងកម្លាំងរមួល ៦០៥ ញូតុនម៉ែត្រ (Nm) អាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៦.៣៥ វិនាទី ហើយកម្រិតស៊ីសាំងគឺ ៣.៤១ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។
ការអាប់ដេតដ៏សំខាន់មួយទៀតគឺកញ្ចប់អាគុយ ដោយក្នុងនោះវាបំពាក់នូវអាគុយទំហំដល់ទៅ ២៨.៣ kWh អាចបើកបរចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបានរហូតដល់ ២២៥ គីឡូម៉ែត្រ (CLTC) និងមានរយៈចម្ងាយបើកបរសរុបរហូតដល់ ១ ៧២៥ គីឡូម៉ែត្រ សម្រាប់របស់ម៉ូដែល Starshine 8 EM-i។ ជាមួយគ្នានេះរថយន្ដនេះក៏គាំទ្រការសាកថ្មលឿន (DC charging) ក្នុងកម្លាំងអតិបរមា ៧៥ kW អាចសាកពី ៣០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ១៥ នាទី ប៉ុណ្ណោះ។
សម្រាប់រថយន្ដ Geely Galaxy Starshine 8 PHEV ស៊េរីឆ្នាំ ២០២៦ ផ្ដល់មកជាមួយ ៣ជម្រើសផ្សេងគ្នាដោយក្នុងនោះសម្រាប់ម៉ូឌែល Long Range Voyager មានតម្លៃ ២០ ៧៥០ ដុល្លារ, Long Range Ocean មានតម្លៃ ២២ ០៦០ ដុល្លារ និង Long Range Milky Way មានតម្លៃ ២៣ ៥១០ ដុល្លារ៕






















