[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely Geometry G6 ស៊េរីថ្មីចុងក្រោយ ប្រភេទ sedan មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារ ដល់ ២០ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៥២ ម.ម ទទឹង ១ ៨០៤ ម.ម កំពស់ ១ ៥២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ Geometry G6 ភ្ជាប់មកជាមួយភាសារចនាថ្មី ដោយនៅផ្នែកខាងមុខ មានប៉ាណាបិទជិត ចង្កៀងមុខ LED រាងស្លីម អំពូលបំភ្លឺពេលថ្ងៃ LED អូសកាត់ជាមួយឡូហ្គោ Geely នោចំកណ្តាល ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្តបញ្ឈ touchscreen ទំហំ ១៤,៦ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS operate system ព្រមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវតិ្តកម្រិត ២ ផងដែរ ។
ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ មានជម្រើសចំនួន ២ រួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៣,៤ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៦០ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៦,១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយអាគុយទាំង២ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ៣០% ទៅ ៨០% ត្រឹមរយៈពេល ៣០ នាទីប៉ុណ្ណោះ ៕