
ក្រុមហ៊ុន Geely Auto បានដាក់បង្ហាញរូបភាពជាផ្លូវការរថយន្តម៉ូឌែល Boyue EREV ជាប្រភេទរថយន្តប្រើសាំងលាយអគ្គិសនីថ្មីនៃត្រកូលរថយន្ត SUV Boyue នៅក្នុងប្រទេសចិន។ ចំពោះទីផ្សារក្រៅប្រទេសចិន រថយន្តប្រើគ្រោងឆ្អឹង Boyue មួយនេះ នឹងត្រូវបានដាក់លក់ក្រោមឈ្មោះថា Starray, Azkarra និង Atlas។
ក្រុមហ៊ុនបានរាយការណ៍ថា រថយន្តនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣៧៥ គីឡូម៉ែត្រ និងមានចម្ងាយបើកបរសរុបរហូតដល់ ១ ៥២៥ គីឡូម៉ែត្រ ធ្វើឲ្យវានេះក្លាយជារថយន្ត SUV ប្រភេទ EREV មួយក្នុងចំណោមរថយន្តមានរយៈចម្ងាយបើកបានឆ្ងាយបំផុត ត្រូវបានប្រកាសនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន។
យោងតាមការចុះផ្សាយរបស់ IT-home លក្ខណៈបច្ចេកទេសលម្អិតមិនទាន់ត្រូវបានបង្ហាញនៅក្នុងការប្រកាសដំបូងនេះនៅឡើយទេ។ សម្រាប់រចនាបថខាងក្រៅរបស់ Boyue EREV មានភាពស្រដៀងគ្នាទៅនឹងរថយន្ត SUV អគ្គិសនីសុទ្ធម៉ូឌែល Ruìlán 7 របស់ Geely ដែលបំពាក់ជាមួយមុខងារប្តូរអាគុយ (Battery-swap) ផងដែរ។ ទោះបីជា Geely មិនទាន់បានបញ្ចេញទំហំវិមាត្រផ្លូវការរបស់ Boyue EREV នេះនៅឡើយទេ។
Geely បានបញ្ចូល Ruìlán ទៅក្នុងប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីការប្រកាសនៅទីក្រុង Taizhou ក្នុងខែមីនា ឆ្នាំ ២០២៥ ដោយបានស្រូបយកក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០២២ រវាងក្រុមហ៊ុន Lifan Technology និង Geely។ កន្លងមក Ruìlán បានផលិតរថយន្តសម្រាប់កម្មវិធីហៅឡានជិះ Caocao របស់ Geely ផង និងសម្រាប់ទីផ្សារអតិថិជនទូទៅផង។ Boyue EREV ហាក់បីដូចជាកំពុងបន្តទាញយកអត្ថប្រយោជន៍ពីគ្រោងឆ្អឹង និងការរួមបញ្ចូលជាមួយបច្ចេកវិទ្យានេះ។
ផ្នែកខាងក្នុងវិញ Boyue EREV បានប្រើប្រាស់រចនាបថខុសពី Ruìlán 7 ដោយបំពាក់នូវកៅអី និងការតុបតែងកាប៊ីនពណ៌ត្នោតខ្ចី អេក្រង់បញ្ជាកណ្តាលប្រភេទ Floating ទំហំធំ និងប្រព័ន្ធសំឡេង Flyme Sound។ ជម្រើសនៃការរចនាទាំងនេះ គឺស្របតាមនិន្នាការចុងក្រោយរបស់ Geely សម្រាប់រថយន្តថាមពលថ្មី ដែលសង្កត់ធ្ងន់លើការភ្ជាប់ទំនាក់ទំនងឌីជីថល និងសោភ័ណភាពកាប៊ីនទំនើប។
ទីផ្សាររថយន្ត SUV ប្រភេទ Extended-range (EREV) នៅក្នុងប្រទេសចិន Boyue EREV នឹងត្រូវប្រកូតប្រជែងដៃគូខ្លាំងៗដូចជា XPeng G7 EREV មានចម្ងាយផ្លូវសរុបរហូតដល់ ១ ៧០៤ គីឡូម៉ែត្រ, Voyah Free EREV មានរយៈចម្ងាយបើកបរសុរប ៩៦០ គីឡូម៉ែត្រ និង Arcfox Alpha T5 EREV មានរយៈចម្ងាយបើកបរសរុបលើសពី ១,២០០ គីឡូម៉ែត្រ។
ជាមួយគ្នានេះក្រុមហ៊ុនផលិតក្នុងស្រុកផ្សេងទៀត ដូចជា Leapmotor ក៏បានដាក់បង្ហាញម៉ូដែល EREV ដែលមានចម្ងាយផ្លូវលើសពី ១ ០០០ គីឡូម៉ែត្រផងដែរ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំណាប់អារម្មណ៍របស់អតិថិជន ចំពោះរថយន្តដែលអាចធ្វើដំណើរបានចម្ងាយឆ្ងាយ ជាមួយជម្រើសប្រភពថាមពលដ៏មានភាពបត់បែន។
ទោះបីជា Boyue EREV បានកំណត់នូវស្តង់ដារចម្ងាយផ្លូវថ្មីសម្រាប់រថយន្តក្នុងថ្នាក់របស់ខ្លួនក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតផ្នែកបច្ចេកទេសទាំងស្រុង រួមមានទំហំផ្ទុកអាគុយ, កម្លាំងម៉ាស៊ីនផលិតថាមពល, ប្រសិទ្ធភាពនៃការសាកថ្ម, កម្លាំងស្ទុះ និងទម្ងន់ គឺមិនទាន់ត្រូវបានបញ្ចេញឲ្យដឹងនៅឡើយទេ។
ការបង្ហាញព័ត៌មានបន្ថែមទៀត ត្រូវបានរំពឹងថានឹងធ្វើឡើងនៅពេលដែល Geely បញ្ចប់ការត្រៀមលក្ខណៈសម្រាប់ការផលិត និងពង្រីកការផ្សព្វផ្សាយទីផ្សារ។ ការប្រកាសនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីចម្ងាយផ្លូវដែលបានកំណត់ និងទិសដៅនៃការរចនារថយន្តនេះ ខណៈពេលដែលកំពុងដាក់បញ្ចូលវាទៅក្នុងទីផ្សាររថយន្ត SUV ប្រភេទ Extended-range ដ៏មានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសចិន៕





















