ក្រុមហ៊ុន Koenigsegg បានបង្ហាញចេញរថយន្តថ្មីចំនួនពីរម៉ូដែលគឺ Jesko Absolut និង Gemera ត្បិតថាកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show ឆ្នាំ ២០២០ បានរំសាយក៏ដោយក្ដី។
ចំពោះម៉ូដែល Gemera គឺមានតម្លៃលក់ ១,៧ លានដុល្លារ ដែលជាម៉ូដែលថោកជាងគេបំផុតហើយបើប្រៀបធៀបនឹងបងប្អូនរបស់វា ដែលមាន Regera តម្លៃ ២ លានដុល្លារ, Agera RS មានតម្លៃ ២,៥ លានដុល្លារ និង Jesko តម្លៃ ២,៨ លានដុល្លារ។ រថយន្តនេះក៏ផលិតមានចំនួនកំណត់ដូចបងប្អូនរបស់វាដែរ ដោយផលិតត្រឹម ៨០ គ្រឿងប៉ុណ្ណោះ ហើយសម្រាប់ម៉ូដែល Jesko ផលិតត្រឹម ១២៥ គ្រឿង។
រថយន្ត Gemera មានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនបី ដែលផលិតកម្លាំងបានសរុប ១១០០ សេះ និងមានម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ៣ ស៊ីឡាំង ជាប្រភេទ Twin-Turbo បង្កើតកម្លាំងបាន ៦០០ សេះ។ សរុបបញ្ចូលគ្នាទៅគឺមានកម្លាំងរហូតដល់ ១៧២៧ សេះ អាចឲ្យរថយន្ត Gemera ស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេលត្រឹម ១,៩ វិនាទី និងមានល្បឿនអតិបរមា ៤០០ គ.ម/ម៉៕