[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors ជឿជាក់ថាខ្លួនអាចបង្កើតប្រាក់ចំណូលបានជាង ៥០ពាន់លានដុល្លារ ពីការលក់រថយន្តអគ្គិសនីតែមួយមុខនៅក្នុងឆ្នាំ២០២៥។
ត្បិតថា GM ពេលនេះមានរថយន្តអគ្គិសនីតែបួនជម្រើសដែលលក់លើទីផ្សារ ប៉ុន្តែក្រុមហ៊ុននឹងប្រកាសចេញលក់រថយន្តថ្មីៗជាច្រើនទៀតនៅឆ្នាំខាងមុខ រួមមានរថយន្ត Chevrolet Silverado, Blazer និង Equinox រួមទាំងរថយន្ត GMC Hummer SUV និង Cadillac Celestiq ខណៈដែលក្រុមហ៊ុន Buick ក៏នឹងប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ២០២៤ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
General Motors អះអាងថារថយន្តអគ្គិសនីរបស់ខ្លួននឹងអាចស្វែងរកប្រាក់ចំណេញបានសមរម្យនៅត្រឹមឆ្នាំ២០២៥ ដែលកម្រិតនៃប្រាក់ចំណេញអាចនឹងស្មើគ្នាទៅនឹងរថយន្តប្រើម៉ាស៊ីនប្រេងសាំង។
ប្រាក់ចំណូល ៥០ពាន់លានដុល្លារនេះ នឹងជាចំណែកមួយនៃប្រាក់ចំណូលរំពឹងទុកសរុបរបស់ General Motors នៅក្នុងឆ្នាំ២០២៥ ដែលរំពឹងថានឹងទទួលបានប្រាក់ចំណូល ២២៥ពាន់លានដុល្លារ៕